កូនស្រី លោក កឹម សុខា៖ ការបង្រួបបង្រួមគ្នាជួបផលវិបាកច្រើនណាស់ ប៉ុន្តែវាជាជម្រើសល្អតែមួយគត់
កូនស្រីរបស់អតីតប្រធាននៃអតីតគណបក្សប្រឆាំង លោក កឹម សុខា ទទួលស្គាល់ថាការបង្រួបបង្រួមរវាងលោក សម រង្ស៊ី នឹងលោក កឹមសុខា ជួបផលវិបាកច្រើនណាស់ ប៉ុន្តែវាជាជម្រើសល្អតែមួយគត់ដែលត្រូវតែព្យាយាមជំរុញឱ្យបាន។
កញ្ញាកឹម មនោវិទ្យា លើកឡើងតាមទំព័រហ្វេសបុកដោយភ្ជាប់ជាមួយរូបថតឪពុករបស់កញ្ញា នៅព្រឹកថ្ងៃទី៤ ខែធ្នូនេះថា បង្រួបបង្រួមខ្មែរលើកទី១ឆ្នាំ២០១២ លោក( កឹម សុខា ) បានជំរុញឱ្យបក្សប្រឆាំងមួយទៀត( បក្ស សម រង្ស៊ី ) ទម្លាក់អាវុធលាបពណ៌ដ៍ខ្មៅនិងច្រេះចាប់របស់គេ (បន្ទាប់ពីគេប្រើវាយលោកជាង៥ឆ្នាំមក) មកព្រមរួបរួមជាមួយបក្សប្រឆាំងរបស់លោក ដែលបង្កើតបានជាបក្សប្រឆាំងរួមដ៍ធំមួយ។
ដោយឡែក បង្រួបបង្រួមខ្មែរលើកទី២៖ ឆ្នាំ២០២០តទៅមុខ លោក ( កឹម សុខា) នឹងជំរុញឱ្យមានការផ្សះផ្សាជាតិទ្រង់ទ្រាយធំ ដេាយឈរលើមូលដ្ឋានប្រជាធិបតេយ្យសេរីពហុបក្ស បំបាត់ការលាបពណ៌ចាស់គំរឹលទាំងអស់ បំបាត់ការចាប់ចងវាយប្រហារដែលនាំបញ្ហាវឹកវរដល់ជាតិ លើកកម្ពស់កិត្តយសកម្ពុជាទាំងអស់គ្នាលើឆាកអន្តរជាតិ ដើម្បីបន្ត និង ពង្រីក ទាញយកប្រយេាជន៍ពីប្រទេសជាមិត្តក្នុងការស្តារសង្គមជាតិនិងសេដ្ឋកិច្ចកម្ពុជា។
កូនស្រីអតីតមេដឹកនាំនៃអតីតគណបក្សប្រឆាំង លោក កឹម សុខា ទទួលស្គាល់ថាការបង្រួបបង្រួមជួបផលវិបាកច្រើនណាស់។ ជាមួយគ្នានេះដែរកញ្ញា បានលើកឧទាហរណ៍ មុននឹងបានរួមគ្នាឆ្នាំ២០១២ លោកប្រើពេលជាង៥ឆ្នាំ រងគ្រោះសព្វយ៉ាង ទាល់តែអាវុធបក្សប្រឆាំងម្ខាងទៀតរិចជិតអស់ ទើបគេងាកមកចរចា។
កញ្ញាបន្ថែមថា ដូច្នេះការរួបរួមទ្រង់ទ្រាយធំទៅថ្ងៃមុខ នឹងកាន់តែពិបាកទទួលបានជាងមុនទៀត ប៉ុន្តែវាជាជម្រើសល្អតែមួយគត់ដែលត្រូវតែព្យាយាមជំរុញឱ្យបាន៕