អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទទួចឲ្យវិទ្យុអាស៊ីសេរី ធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ
ឆ្លើយតបទៅនឹងការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលចោទប្រកាន់ថា សម្តេចក្រឡាហោម ស ខេង បានបញ្ជាឲ្យចាប់រាល់មុខសញ្ញា ដែលចូលរួមទទួលដំណើរ លោក សម រង្ស៉ី ដោយមិនយល់មុខ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ថាការចោទប្រកាន់នេះ មិនត្រឹមត្រូវឡើយ ហើយអ្នកនាំពាក្យនៅតែទទួចឲ្យវិទ្យុអាស៊ីសេរី ធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញសេចក្តីបំភ្លឺ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ បានអះអាងថា ការចោទប្រកាន់នេះ មិនត្រឹមត្រូវឡើយ ហើយអ្នកនាំពាក្យនៅតែទទួចឲ្យវិទ្យុអាស៊ីសេរី ធ្វើយ៉ាងណាផ្សព្វផ្សាយព័ត៌មានពិតប្រកបដោយវិជ្ជាជីវៈ និងសេចក្តីថ្លៃថ្នូរ មានការទទួលខុសត្រូវខ្ពស់ ឲ្យសាធារណជន ទទួលបាននូវព័ត៌មានពិត និងត្រឹមត្រូវ ដែលមានផលប្រយោជន៍ដល់សង្គមជាតិ។
អ្នកនាំពាក្យមានការសោកស្តាយចំពោះពាក្យខ្វះការពិត និងគ្មានគុណធម៌ ហើយ ការផ្សព្វផ្សាយរបស់វិទ្យុអាស៊ីសេរីនេះ អាចនឹងនាំឱ្យសាធារណជន មានការយល់ច្រឡំលើ សម្តេចក្រឡាហោម ស ខេង និងក្រសួងមហាផ្ទៃ ថាធ្វើការដោយឥតក្រែងរអែង និងមិនគោរពច្បាប់ជាធរមាន ឬមានន័យថា កម្ពុជាមិនមែនជាប្រទេសប្រកាន់នីតិរដ្ឋ។
អ្នកនាំពាក្យ បញ្ជាក់ថា សម្តេច ស ខេង ក្នុងឋានៈជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ តែងតែគោរពជាដរាបតាមរដ្ឋធម្មនុញ្ញកម្ពុជា ហើយក្នុងឋានៈនេះ សម្តេចតែងតែផ្តោតការយកចិត្តទុកដាក់ជាពិសេសលើ មាត្រា៤១ នៃរដ្ឋធម្មនុញ្ញ ដែលចែងថា «ប្រជាពលរដ្ឋខ្មែរ មានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ពផ្សាយសេរីភាពខាងការប្រជុំ។
ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឲ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ ហើយក្នុងនាមជាអ្នកទទួលខុសត្រូវលើស្ថាប័នបម្រើឲ្យការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម សម្តេចតែងតែណែនាំដល់មន្ត្រីក្រោមឱវាទ និងកងកម្លាំងពាក់ព័ន្ធទាំងអស់ត្រូវធ្វើសកម្មភាពឲ្យបានត្រឹមត្រូវតាមផ្លូវច្បាប់ និងត្រូវចៀសវាងដាច់ខាតដូវការប្រើប្រាស់អំពើហិង្សា៕