អបអរសាទរខួប៤ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ ជាខួប៤ឆ្នាំ (២ ធ្នូ ២០១៥ – ២ ធ្នូ ២០១៩) នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ នៅប្រទេសណាមីប៊ី។ ល្បែងទាញព្រ័ត្រ ជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលប្រជាជនខ្មែរនិយមលេង ក្នុងពិធីផ្សេងៗ ដើម្បីបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ក្នុងការយកឈ្នះក្រុមប្រកួតជាលក្ខណៈកំសាន្ត។ ល្បែងទាញព្រ័ត្របានផ្សារភ្ជាប់ ទៅនឹងប្រពៃណី និង វប្បធម៌ខ្មែរហើយយើងអាចឃើញភស្តុតាងមានតម្លៃជាប្រវត្តិសាស្ត្រ តាមរយៈចម្លាក់នៅលើប្រាង្គប្រាសាទនានា ដែលនិយាយពីរឿងកូរសមុទ្រទឹកដោះ។

គិតមកដល់ពេលនេះ កម្ពុជាមានសម្បត្តិបេតិកភណ្ឌពិភពលោក ទាំងអស់ចំនួន៨ហើយ ដែលក្នុងនោះចែកជា សម្បត្តិវប្បធម៌រូបីនិងសម្បត្តិវប្បធម៌អរូបី ក្នុងនោះរួមមាន៖
១-តំបន់អង្គរវត្ត (សម្បត្តិវប្បធម៌រូបី) ២- របាំព្រះរាជទ្រព្យ (អរូបី),
៣-ល្ខោនស្រមោលស្បែក ឬល្ខោនស្បែកធំ (អរូបី),
៤-ប្រាសាទព្រះវិហារ (រូបី),
៥-ល្បែងទាញព្រ័ត្រ (អរូបី),
៦-ចាប៉ីដងវែង (អរូបី),
៧៖ ប្រាសាទសំបូរព្រៃគុក (រូបី)
៨-ល្ខោនខោលវត្តស្វាយអណ្ដែត (អរូបី)

បច្ចុប្បន្ននេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបាននិង កំពុងខិតខំស្រាវជ្រាវ ក៏ដូចជាត្រៀមបញ្ចូលសម្បត្តិវប្បធម៌របស់កម្ពុជា មួយចំនួនទៀតដើម្បីត្រៀមដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូជាបន្តបន្ទាប់ទៀត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds