សម្តេចទៀ បាញ់ ៖ «ក្រសួងការពារជាតិ ចាត់ទុកការងារគ្រប់គ្រងចំនួនទ័ព គឺជាអាទិភាពដ៏សំខាន់បំផុត
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសិក្ខាសាលាស្តីពី ការបូកសរុបលទ្ឋផលការងារបុគ្គលិក រយៈពេល ៥ឆ្នាំ (២០១៥ -២០១៩) និងលើកទិសដៅអនុវត្ត៥ឆ្នាំបន្ត (២០២០-២០២៤) របស់នាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ នៅសាកលវិទ្យាល័យការពារជាតិ នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការងារគ្រប់គ្រងចំនួនទ័ព គឺជាអាទិភាពដ៏សំខាន់បំផុត សម្រាប់បម្រើឱ្យវិស័យការពារជាតិ ព្រមទាំងបានទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌កន្លងទៅនេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ ថា៖ «ក្រសួងការពារជាតិ នៅតែចាត់ទុក ការងារគ្រប់គ្រងចំនួនទ័ព គឺជាអាទិភាពដ៏សំខាន់បំផុត សម្រាប់បម្រើឱ្យវិស័យការពារជាតិ»។
សម្តេចបានបន្តថា នៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ដោយសារការងារគ្រប់គ្រងចំនួនទ័ព អនុវត្តមានប្រសិទ្ធភាព ទើបកងយោធពលខេមរភូមិន្ទ នៅតែជាកម្លាំងមិនអាចខ្វះបានក្នុងការធ្វើជាបង្អែកដ៏រឹងមាំ ការពាររដ្ឋធម្មនុញ្ញ ការពាររបបរាជានិយម ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ថែរក្សាសន្តិភាព ស្ថិរភាពនយោបាយទប់ស្កាត់ឧបាយកលបដិវត្តន៍ពណ៌ និងសកម្មភាពប្រទូសរ៉ាយគ្រប់បែបយ៉ាង របស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ដែលប៉ុនប៉ងឥតឈប់ឈរ សំដៅរាំងខ្ទប់ការអភិវឌ្ឍ និងរុញច្រានកម្ពុជា ឱ្យឃ្លាតចេញពីមាគ៌ា ប្រជាធិបតេយ្យ និងនីតិរដ្ឋ បានយ៉ាងទាន់ពេលវេលា នៅគ្រប់កាលៈទេសៈ។
ជាមួយគ្នានេះដែរសម្តេចពិជ័យសេនា ក៏បានក្រើនរំលឹកដល់នាយទាហានទាំងអស់ ត្រូវបញ្ចៀសឱ្យបានដាច់ខាតរាល់បទល្មើស និងបាតុភាពអសកម្មនានា ដែលកើតឡើងជាយថា ហេតុនាំឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់កងយោធពលខេមរភូមិន្ទ។ ធ្វើការត្រួតពិនិត្យឱ្យបានហ្មត់ចត់ចំពោះ នាយទាហានពិសេស ពលទាហានថ្មី និងសិក្ខាកាម ដែលត្រូវបញ្ជូនទៅបណ្តុះបណ្តាលតាមសាលា និងគ្រឹះស្ថានសិក្សាយោធាទាំងក្នុង និងក្រៅប្រទេស ឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងសមត្ថភាព និងប្រវត្តិសន្តិសុខ។
ប្រមុខការពារជាតិកម្ពុជារូបនេះ បន្ថែមថា មេបញ្ជាការទាំងអស់ ត្រូវពង្រឹងការងារគ្រប់គ្រងចំនួនទ័ព និងយន្តការត្រួតពិនិត្យឱ្យមានប្រសិទ្ធភាព តាមតួនាទីភារកិច្ចដែលក្រសួងការពារជាតិ និងអគ្គបញ្ជាការប្រគល់ជូន ដើម្បីពង្រឹងខឿនការពារជាតិកាន់តែរឹងមាំ ធានានូវកិច្ចការពារសន្តិភាព ការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងធ្វើជាកម្លាំងស្នូលក្នុងការប្រតិបត្តិការ ថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ដោយមិនឱ្យក្រុមប្រឆាំងជ្រុលនិយម ដែលក្បត់នឹងផលប្រយោជន៍ជាតិ និងប្រជាជន ឬមជ្ឈដ្ឋានអគតិនៅខាងក្រៅ មកបំផ្លាញទៅវិញបានឡើយ ទោះបីជាត្រូវបង់ក្នុងតម្លៃណាក៏ដោយ ពីព្រោះយើងប្រឹងប្រែងរកបានដោយលំបាកបំផុត៕