ចាប់ខ្លួនជនជាតិចិន៥នាក់ នៅខណ្ឌដូនពេញ ពាក់ពន្ធ័ជំរិតទាប្រាក់១០ម៉ឺនដុល្លា

 

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបើកប្រតិបត្តិការបំបែកសំ​ណុំ​រឿងជនជាតិចិន ចាប់ជំរិតទារប្រាក់ចំនួន១០ម៉ឺនដុល្លារអាមេរិក ទៅលើជនជាតិចិនដូចគ្នា ហើយឈានដល់ប​ង្រ្កាប​ចាប់ខ្លួនជនសង្ស័យ៥នាក់ និងរំដោះជនរងគ្រោះបាន២នាក់ នៅសណ្ឋាគារមួយកន្លែង ក្នុងរាជធានីភ្នំពេញ។ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ Zheng Gui Hu ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន រាយការណ៍ថា មានករណីបង្ខាំងធ្វើទារុណកម្ម និងជំរិតទារប្រាក់បង្កឡើងដោយ​ជនសង្ស័យជាជនជាតិចិន ចំនួន៥នាក់ លើជនរងគ្រោះជាជនជាតិចិន ចំនួន២នាក់។

ដោយមានការគោលការណ៍ពី នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី ឧត្តមសេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែននគរបាលយុត្តិធម៌, ឧត្តមសេនីយ៍​ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាត់ឲ្យលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវបង្ក្រាបភ្លាមៗ។

ក្រោយទទួលបានបទបញ្ជាភ្លាមៗ លោកវរសេនីយ៍ឯក ខេង ម៉េងឈាង បានដឹកនាំកម្លាំងបើកការស្រាវជ្រាវ រហូតកំណត់បានទីតាំងលាក់ទុកជនរងគ្រោះ នៅបន្ទប់លេខ៣០៣ សណ្ឋាគារអ៊ីមភឺរៀល ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយកម្លាំងជំនាញឈានដល់ការ ឃាត់ខ្លួនជនសង្ស័យ ចំនួន៥នាក់ រួមមាន៖

ទី១៖ឈ្មោះ Wang Zhao liang អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ Yi ming អាយុ៣៦ឆ្នាំ, ទី៣៖ឈ្មោះ Qao wei hao អាយុ២៨ឆ្នាំ, ទី៤៖ ឈ្មោះ Liv da Meng អាយុ២៨ឆ្នាំ និងទី៥៖ឈ្មោះ Lin Xiao bo អាយុ៣៤ឆ្នាំ។ ក្នុងនោះកម្លាំងជំនាញ រំដោះបានជនរងគ្រោះចំនួន២នាក់ គឺទី១៖ឈ្មោះ Giong shi Cheng អាយុ៣២ឆ្នាំ និងទី២៖ឈ្មោះ Feng Xiao bo អាយុ៣២ឆ្នាំ ព្រមទាំងដកហូតសម្ភារៈមួយចំនួន។

បន្ទាប់ពីបញ្ចប់ការសួរនាំ និងកសាងសំណុំរឿងចប់សព្វគ្រប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យជនជាតិចិនទាំង៥នាក់នេះ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open