WWF-Cambodia ប្រទះឃើញកូនផ្សោតថ្មីមួយក្បាលទៀតក្នុងខេត្តស្ទឹងត្រែង
(ស្ទឹងត្រែង)៖ អង្គការ WWF-Cambodia បានប្រទះឃើញកូនផ្សោតថ្មីមួយក្បាលទៀតក្នុងខេត្តស្ទឹងត្រែង នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ។ បើតាម WWF-Cambodia កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវេលាម៉ោងប្រមាណជា ៨:៣០ នាទីព្រឹក ស្ថិតក្នុងអន្លង់សត្វផ្សោតត្បូងខ្លា ក្នុងភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
ក្រុមអ្នកស្រាវជ្រាវនៃអង្គការ WWF និងរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង បានចុះទៅពិនិត្យអង្កេតកូនផ្សោតដែលទើបកើតថ្មី ក្រោយពេលទទួលបានព័ត៌មានពីក្រុមការងារឆ្មាំ ទន្លេប្រចាំប៉ុស្តិ៍កោះជ្រឹម កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រោយពេលចុះពិនិត្យ ក្រុមការងារស្រាវជ្រាវ ពិតជាបានប្រទះឃើញកូនផ្សោតកើតថ្មីនោះ ហើយក្រុមការងារក៏បានធ្វើការអង្កេត និងថតរូបកូនផ្សោត និងមេរបស់វា។ កូនផ្សោតកើតថ្មីនោះ មានអាយុប្រហែលជាប្រាំថ្ងៃ ហើយនៅក្នុងហ្វូងសត្វផ្សោតធំចំនួនប្រមាណជាប្រាំមួយក្បាល។
អង្គការ WWF-Cambodia បានឲ្យដឹងថា កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទីដប់ពីរហើយដែលបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា រហូតដល់ខែវិច្ឆិកានេះ ដោយក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំមួយក្បាលត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ៕