៩ខែ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាង ៣ពាន់លើក និងបាត់បង់ជីវិតជាង ១ពាន់នាក់
(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអញ្ជើញជាអធិបតីក្នុងកម្មវិធីទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍លើកទី១៤ ក្នុងទិវាអន្ដរជាតិ រំលឹកជនរងគ្រោះថ្នាក់ចរាចរណ៍ លើកទី១៤ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរផ្លូវគោក មានប្រសាសន៍ថា «តាមរបាយការណ៍របស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងរយៈពេល ៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣.១៥៩លើក បណ្តាលឲ្យបាត់បង់ជីវិតចំនួន១.៥២១នាក់ និងរបួស៤.៧២១នាក់ គិតជាមធ្យមគឺស្លាប់ជាង៥នាក់ និងរបួស១៧នាក់ក្នុងមួយថ្ងៃ»។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ ថា មូលហេតុចម្បង ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនអ្នកបើកបរ យានយន្តមិនគោរពច្បាប់ បង្កគ្រោះថ្នាក់ដោយការបើកបរលើសល្បឿនកំណត់៣៧% មិនគោរពសិទ្ធិ២៤% មិនប្រកាន់ស្តាំ១២% វ៉ាជែង៩% បត់៨% ស្រវឹង៦% កត្តាយានយន្ត៣% និងងងុយ១%។
គ្រោះថ្នាក់ទាំងនេះបានកើតឡើងនៅពេលយប់៥៤% និងពេលថ្ងៃ៤៦% ហើយបង្កឡើងដោយអ្នកបើកបរម៉ូតូ៥០% អ្នកបើកបររថយន្តធុនស្រាល៣០% និងអ្នកបើកបររថយន្តធុនធ្ងន់២០%។
សម្ដេចក្រឡាហោម ស ខេង លើកឡើងទៀតថា នៅរាជធានីភ្នំពេញគ្រោះថ្នាក់កើតឡើងនៅពេលយប់ មានអត្រាខ្ពស់ដល់ទៅ៧២% បណ្តាលឲ្យមានជនរងគ្រោះជាច្រើនជាងខេត្តនានា និងបង្កឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ដូចជា របាំងចែកទ្រូងផ្លូវ បង្គោលភ្លើង ផ្លាកសញ្ញាចរាចរណ៍ បង្កាន់ដៃស្ពាន សួនច្បារ របង ជាដើម៕