សម្ដេចតេជោ លុបចោល​ ដំណេីរអញ្ជេីញទៅចូលរួមប្រជុំកំពូលអាស៊ាន-កូរ៉េ​ និងមេគង្គ-កូរ៉េ នៅសាធារណរដ្ឋកូរ៉េ​

 

ភ្នំពេញ៖​ ដោយសារម្តាយក្មេកដែលជាទី​ គោរពស្រឡាញ់របស់សម្ដេច កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់​ និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានសម្រេចលុបចោល​ ដំណេីរអញ្ជេីញទៅចូលរួម​ កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េ​ និងមេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាន​ នៃសាធារណរដ្ឋកូរ៉េ​ ចាប់ពីថ្ងៃទី២៤-២៧​ វិច្ឆិកា​ ។

សរសេរបង្ហោះនៅបណ្ដាញសង្គម​ ហ្វេសប៊ុក​ នារសៀលថ្ងៃទី២៣​ វិច្ឆិកានេះ​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានអោយដឹងថា ៖ ពេលនេះ ខ្ញុំកំពុងស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយសារម្តាយក្មេកជាទីគោរពស្រឡាញ់របស់ខ្ញុំកំពុងស្ថិតនៅសង្រ្គោះបន្ទាន់និងពិនិត្យឃើញថាពិបាកនឹងសង្រ្គោះបាន។ ហេតុការណ៍នេះបានកើតឡើងចំពេលដែលខ្ញុំត្រៀមចាកចេញទៅប្រជុំអាស៊ាន-កូរ៉េ, មេគង្គ-កូរ៉េ នៅទីក្រុងប៊ូសាននៃសាធារណរដ្ឋកូរ៉េ។

ប្រមុខរដ្ឋាភិបាលបន្ថែមថា ដោយបំពេញភារកិច្ចជាកូន ខ្ញុំគ្មានជម្រើសអ្វីក្រៅតែពីសុំទោសប្រធានាធិបតីកូរ៉េ មូន ចេអ៊ីន និងឯកឧត្តម ប្រាយុទ្ឋ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ ដែលជាប្រធានអាស៊ាន និងថ្នាក់ដឹកនាំអាស៊ានផ្សេងទៀតចំពោះការអាក់ខានរបស់ខ្ញុំសម្រាប់កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងតំណាងឱ្យខ្ញុំនៅក្នុងកិច្ចប្រជុំទាំងពីរខាងលើ។

ជាមួយគ្នានេះដែរសម្តេចក៏សូមការយោគយល់ពីសំណាក់ បងប្អូនខ្មែរដែលជានិស្សិត ជាពលករ ជាអាជីវករ និងបងប្អូនដែលមានគ្រួសារជាជនជាតិកូរ៉េដែលត្រៀមខ្លួនមកទទួល និងសំណេះសំណាលជាមួយខ្ញុំនៅល្ងាច ថ្ងៃទី ២៤ វិច្ឆិកា២០១៩។

សុំការយោគយល់សម្រាប់កម្មវិធី ការងារមួយចំនួនផ្សេងទៀតដែលនឹងត្រូវលុបចោល ដើម្បីផ្តល់លទ្ធភាពឱ្យខ្ញុំរួមជាមួយភរិយានិងក្រុមគ្រួសារដើម្បីធ្វើបុណ្យជូនអ្នកមានគុណ ដែលជាការជូនដំណើរចុងក្រោយដែលគ្មានថ្ងៃវិលត្រឡប់ សម្រាប់អ្នកម្តាយជាទីគោរពស្រឡាញ់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open