ប្រធានផ្នែកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Awesome Global Food ត្រូវចាប់ខ្លួនពីបទឆបោក
(ភ្នំពេញ)៖ បុរសម្នាក់ជាប្រធានផ្នែកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Awesome Global Food ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រសួងមហាផ្ទៃ ចាប់ខ្លួននៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក កែវ សុធា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យមានឈ្មោះ សាំង ឃុនឯកបុរី អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ បេ១៤ បុរីសែនមនោរម្យ ផ្លូវលំ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពបីសមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យ បានធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ៣១៣ អយក របស់លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងជាតំណាងអយ្យការពីបទ ឆបោកប្រាក់ និងរំលោភលើទំនុកចិត្ត ក្នុងទំហំទឹកប្រាក់ជាង ៤ម៉ឺនដុល្លារ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ZHOU YU DONG ភេទប្រុស អាយុ៣២ឆ្នាំ ជាជនជាតិចិន។
ដើមចមដែលឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ ដោយសារតែជនសង្ស័យបានប្រើប្រាស់តួនាទីរបស់ខ្លួនជា ប្រធានផ្នែកគ្រប់គ្រងទូទៅ បានកិបកេងប្រាក់របស់ក្រុមហ៊ុន Awesome Global Food and Beverage Management Investment Co.,Ltd ដែលមានរបស់ជនរងគ្រោះ៕