លោក គង់ វិបុល ៖ ការប្រមូលចំណូលពន្ធឆ្នាំនេះ នឹងអាចសម្រេចលើសផែនការ
(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានលទ្ធផល នៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ១០ខែឆ្នាំ ២០១៩នេះ សម្រេចបាន១០៥.០៦% នៃផែនការច្បាប់ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បង្ហាញនូវក្តីរំពឹងជឿជាក់ថា នៅឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងអាចប្រមូលចំណូលពន្ធ សម្រេចលើសផែនការច្បាប់កំណត់ ក្នុងអត្រាមួយគួរជាទីពេញចិត្ត សម្រាប់រាជរដ្ឋាភិបាល។
សេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីជំនួបជាមួយវិស័យឯកជន ធុរៈជន ពាណិជ្ជករ ក្នុងវេទិកាស្តីពីពន្ធដារ-សភាពាណិជ្ជកម្មអឺរ៉ុប បានដកស្រង់សំដីរបស់លោក គង់ វិបុល យ៉ាងដូច្នេះថា «តាមរយៈការអនុវត្តយ៉ាងយកចិត្តទុកដាក់ នូវកំណែទម្រង់រដ្ឋបាល និងគោលនយោបាយសារពើពន្ធ ព្រមទាំងធ្វើទំនើបកម្មពន្ធដារ លទ្ធផលនៃការគ្រប់គ្រងប្រមូលចំណូលពន្ធ និងអាករគ្រប់ប្រភេទ១០ខែ ឆ្នាំ២០១៩នេះ សម្រេចបាន១០៥.០៦% នៃផែនការច្បាប់ ក្នុងន័យនេះ តាមការរំពឹងទុក អគ្គនាយកដ្ឋានពន្ធដារ នឹងអាចសម្រេចលើសផែនការច្បាប់កំណត់ ក្នុងអត្រាមួយគួរជាទីពេញចិត្ត សម្រាប់រាជរដ្ឋាភិបាល»។
រយៈពេល១០ខែ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន មានចំនួន៩,៦១៦.៨៣ ប៊ីលានរៀល ស្មើនឹងប្រមាណ២,៤០៤.២១ លានដុល្លារអាមេរិក កើនឡើង២៨.៣១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨។
លោកអគ្គនាយកបានបញ្ជាក់ទៀតថា តាមរយៈយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៩-២០២៣ គ្គនាយកដ្ឋានពន្ធដារ នឹងបន្តកែលម្អនូវគោលនយោបាយចាំបាច់មួយចំនួន ក្នុងន័យធានាឱ្យបាននូវភាពងាយស្រួល សមធម៌ និងភាពត្រឹមត្រូវក្នុងការបង់ពន្ធ ខណៈដែលគោលដៅ នៃការប្រមូលចំណូលកំណត់ដោយច្បាប់ត្រូវ បានកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបញ្ជាក់ទៀតថា អគ្គនាយកដ្ឋានពន្ធដារ នឹងនៅតែបន្តការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ និងបង្កើនការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលជាចក្ខុវិស័យរួម គឺនឹងកែប្រែរដ្ឋបាលសារពើពន្ធឱ្យ ទៅជារដ្ឋបាលសារពើពន្ធឌីជីថលមួយ ដែលផ្តល់នូវ E-Tax Service ល្អប្រសើរ និងងាយស្រួលសម្រាប់អ្នកជាប់ពន្ធ។
លោកបន្ថែមទៀតថា គិតត្រឹមពេលនេះ អគ្គនាយកដ្ឋានពន្ធដារ បានអភិវឌ្ឍនូវប្រព័ន្ធនិងកម្មវិធីចំនួន៧១ ដែលក្នុងនោះ មានប្រព័ន្ធ E-VAT និង E-FILING។ តាមការគ្រោងទុក ក្នុងខែមករា ឆ្នាំ២០២០ នឹងដាក់ឱ្យប្រើប្រាស់នូវ ប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសតាមប្រព័ន្ធអនឡាញ (E-Filing) នឹងជួយសម្រួលដល់ការដាក់លិខិតប្រកាសប្រចាំខែ ដោយអ្នកជាប់់ពន្ធអាចបញ្ចូលបញ្ជីទិញ-លក់ ព័ត៌មានពន្ធកាត់ទុក ពន្ធលើប្រាក់បៀវត្ស ពន្ធលើអត្ថប្រយោជន៍បន្ថែម និងពន្ធ-អាករផ្សេងៗតាមប្រព័ន្ធអនឡាញ។
ប្រព័ន្ធនេះនឹងកាត់បន្ថយពេលវេលា និងការលំបាកក្នុងការបំពេញលិខិតប្រកាសដោយដៃ ជំនួសដោយការបោះពុម្ពរបាយការណ៍ប្រកាសពន្ធតាមប្រព័ន្ធអនឡាញ។ ចំពោះ វិធាននៃការប្រើប្រាស់វិក្កយបត្រថ្មី នឹងកំណត់ឱ្យបានច្បាស់លាស់អំពីវិធី ឬបែបផែននៃការប្រើប្រាស់វិក្កយបត្រឱ្យបានត្រឹមត្រូវ ដើម្បីធានាបាននូវប្រសិទ្ធិភាព និងតម្លាភាពក្នុងការប្រមូលពន្ធ-អាករនានា។
លោកបានជំរុញនិងលើទឹកចិត្តដល់សហគ្រាសទាំងអស់ ប្រើប្រាស់នូវប្រព័ន្ទថ្មីៗនេះ ដើម្បីទទួលបាននូវភាពងាយស្រួល ចំណេញពេលវេលា ក៏ដូចជាចូលរួមពង្រឹងអនុលោមភាព សារពើពន្ធទាំងអស់គ្នា ដែលជាការចូលរួមចំណែកក្នុងការការពង្រឹង នូវការប្រកួតប្រជែងដោយស្មើភាព (Level Playing Field)៕