សម្តេចតេជោ ៖ ចំនួនបណ្ឌិតនៅកម្ពុជា ហាក់មានច្រើនហួស បើធៀបទៅនឹងចំនួនប្រជាជន
(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ន ចំនួនបណ្ឌិតនៅប្រទេសកម្ពុជា ហាក់មានចំនួនច្រើនហួស បើធៀបទៅនឹងចំនួនប្រជាជន។
សម្តេចតេជោ ហ៊ុន សែន បន្តថា សម្តេចមានការបារម្ភចំពោះគុណភាពរបស់បណ្ឌិត ដែលបានមានតែសញ្ញាបត្រ ប៉ុន្តែមិនមានសមត្ថភាព និងគុណភាព។ ស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលសមត្ថភាព និងលក្ខណសម្បត្តិរបស់ បណ្ឌិតដែលសាស្ត្រាចារ្យដឹកនាំ ថាតើមានចំណេះដឹងគ្រាប់គ្រាន់ដើម្បីដឹកនាំបេក្ខបណ្ឌិតដែរឬទេ? ថាតើសាស្ត្រាចារ្យដឹកនាំ អាចដឹកនាំបេក្ខបណ្ឌិតបានប៉ុន្មានរូប?
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មិនមែនយើងមិនចង់មានបណ្ឌិតច្រើនទេ ប៉ុន្តែយើងត្រូវរឹតបន្តឹង ដើម្បីឲ្យអ្នកណាមានសមត្ថភាពគឺជាប់ ដើម្បីទទួលបានបណ្ឌិតដែលមានគុណភាព។
សូមបញ្ជាក់ជូនថា អគារឥន្ទ្រទេវី មានកម្ពស់បីជាន់ ស្មើនឹង ១៨ម៉ែត្រ មានបណ្ដោយប្រវែង៤០ម៉ែត្រ ទទឹង ១៧ម៉ែត្រ ត្រូវចំណាយទឹកប្រាក់សាងសង់ប្រមាណជាង ១.៥លានដុល្លារសហរដ្ឋអាមេរិក។
អគារឥន្ទ្រទេវី ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់សង្គមជាតិ៕