MRC ព្រមានពីការវាយប្រហារ ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ មកលើកម្ពុជា
(ភ្នំពេញ)៖ គណៈកម្មការទន្លេមេគង្គ (MRC) ព្រមានពីការវាយប្រហារ ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ មកលើប្រទេសកម្ពុជាយើង និងប្រទេសបីទៀតរួមមាន ថៃ វៀតណាម និងឡាវ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានបន្ទាន់មួយ ចេញផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។
សេចក្តីប្រកាសព័ត៌មានបន្ទាន់ បានបញ្ជាក់ថា «បណ្តាប្រទេសតាមដងទន្លេមេគង្គក្រោម នឹងទទួលរងនូវគ្រោះរាំងស្ងួតធ្ងន់ធ្ងរខ្លាំង ចាប់ពីពេលនេះ រហូតដល់ខែមករា ឆ្នាំ២០២០។ ប្រទេសថៃ និងប្រទេសកម្ពុជា នឹងរងនូវការវាយប្រហារនេះ ខ្លាំងជាងប្រទេសឡាវ និងប្រទេសវៀតណាម»។
ការព្រមាននេះធ្វើឡើងបន្ទាប់ពីការវិភាគទិន្នន័យបឋមរបស់ គណៈកម្មការទន្លេមេគង្គ បានបង្ហាញថា គ្រោះរាំងស្ងួតបណ្តាលមកពីបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់ ក្នុងកំឡុងពេលរដូវវស្សា ដោយសារការធ្លាក់ភ្លៀងមូសុងយឺត និងការឈប់ធ្លាក់ភ្លៀងមូសុងនេះមុនពេលកំណត់ ព្រមទាំងបាតុភាពអែល នីណូ (El Nino) ដែលបង្កឲ្យមានកំដៅ និងរំហួតខ្ពស់ខុសប្រក្រតី។
ជាធម្មតា ភ្លៀងមូសុងតែងតែចាប់ផ្តើមធ្លាក់នៅចុងខែឧសភា និងបញ្ចប់នៅខែតុលា ប៉ុន្តែក្នុងឆ្នាំនេះ វាចាប់ផ្តើមធ្លាក់យឺត ជិតពីរសប្តាហ៍ និងឈប់ធ្លាក់ប្រហែលបីសប្តាហ៍មុនពេលកំណត់។ បើតាមការព្យាករណ៍របស់គណៈកម្មការទន្លេមេគង្គ ខេត្តឧត្តរមានជ័យ ព្រះវិហារ និងសៀមរាបរបស់កម្ពុជា នឹងរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតនេះខ្លាំងបំផុត។
នៅសប្តាហ៍ក្រោយ ក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ ដែលជាស្ថាប័នថ្នាក់រដ្ឋមន្ត្រីខ្ពស់បំផុត នឹងជួបពិភាក្សាលើបញ្ហាគ្រោះរាំងស្ងួតនៅក្នុងជំនួបប្រចាំឆ្នាំ នាទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដោយផ្តោតលើវិធានការចាំបាច់ សម្រាប់ការកាត់បន្ថយគ្រោះហានិភ័យទាក់ទងនឹងគ្រោះរាំងស្ងួតនេះ៕