ល្ងាច​នេះអត្ត​ព​លិ​ក​ត្រៀម​ស៊ី​ហ្គេម​ចូល​ជួប​សម្ដេច​ ហ៊ុន សែន ​មុន​ចេញទៅ​ប្រកួត​នៅ​ហ្វីលីពីន

ស៊ី​ហ្គេម​៖ មុន​ចេញទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នា​ពេល​ឆាប់ៗ​ខាងមុខ សម្ដេច​តេ​ជោ ហ៊ុន សែន ​អនុញ្ញាត​ឲ្យ​ប្រតិភូ គ្រូ​បង្វឹក និង​កីឡាករ​-​កីឡា​ការិនី ៣០​ប្រភេទ​កីឡា ឬ​ស្មើនឹង​អត្ត​ព​លិ​ក​ប្រមាណ ៤០០​នាក់ដែល​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ចូល​ជួប​សម្ដែង​ការគួរសម និង​សំណេះ​សំណាលនា​វេលា​ម៉ោង ៤​ល្ងាច​នេះនៅ​វិមាន​សន្តិភាព។

​​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​បែបនេះ ពោល​គឺ​រាល់​ពេលមុន​ការប្រកួត​ហ្គេម​ផ្លូវការ សម្ដេច​តែង​អញ្ជើញ​អត្ត​ព​លិ​ក​កម្ពុជា ចូល​ជួប​សម្ដែង​ការគួរសម​ផ្ដល់​នូវ​អនុសាសន៍ និង​ដំបូន្មាន​ល្អ​ៗ​ជាច្រើន ក្នុង​ន័យ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខទុក្ខ និង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​-​កីឡា​ការិនី ដែល​ជា​កាយវិការ​មួយ​ដ៏​ប្រពៃសម្រាប់​កីឡាករ​-​កីឡា​ការិនី​ជាតិ​មុន​ការប្រកួត។

អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ជា​នាយ​បេសកកម្ម​កម្ពុជា ក្នុង​ការ​ត្រៀម​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន ឯកឧត្ដម វ៉ា​ត់ ចំរើន បាន​បង្ហាញ​នូវ​ការ​អំណរ​អរគុណចំពោះ​ការ​ឆ្លៀតពេល​វេលា​ដ៏​មានតម្លៃ ដើម្បី​ជួប​សំណេះសំណាល​ជាមួយ​អត្ត​ព​លិ​ក​កម្ពុជា ហើយ​ឯកឧត្ដម​បាន​ចាត់​ទុក​ការអនុញ្ញាត​ដ៏​ថ្លៃថ្លា​នេះ នឹង​ផ្ដល់​នូវ​កម្លាំង​ពិសេស​មួយក្នុង​ការ​ជំរុញ​ឆន្ទៈ និង​ស្មារតី​ប្រកួតប្រជែង​របស់​កីឡាករ​-​កីឡា​ការិនី​កម្ពុជា​កាន់​តែ​មាន​ប្រសិទ្ធភាព​ថែមទៀត។

​គួរ​បញ្ជាក់​ថា ចំពោះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ គឺ​គ្រោង​បើក​ការប្រកួត​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា និង​បិទ​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ​ខាងមុខ​នៅ​ប្រទេស​ហ្វីលីពីន ហើយ​កម្ពុជា​បាន​ត្រៀម​បញ្ជូន​អត្ត​ព​លិ​ក ៣០​ប្រភេទ​កីឡា ស្មើនឹង​ប្រមាណ ៤០០​នាក់​ទៅ​ចូលរួម។ លើស​ពី​នេះ​ក៏​មាន​ការ​បញ្ជូន​មន្ត្រី​ពិសេស នៃ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដើម្បី​សិក្សា និង​ដកស្រង់​បទពិសោធន៍ សម្រាប់​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង​នៅ​កម្ពុជា​ផង​ដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds