លោក សម រង្ស៊ី ថា លោកទទួលបានជ័យជំនះ លើសមរភូមិសារព័ត៌មាន ក្នុងសង្គ្រាមចិត្តសាស្ត្រ និងនយោបាយ
បន្ទាប់ពីទៅដល់ទីក្រុងប៉ារីស លោក សម រង្ស៊ី ថា លោកទទួលបានជ័យជំនះ លើសមរភូមិសារព័ត៌មាន ក្នុងសង្គ្រាមចិត្តសាស្ត្រ និងនយោបាយ ប្រឆាំងលោក ហ៊ុន សែន។
យោងតាមការបង្ហោះសារ នៅលើទំព័រហ្វេសបុករបស់លោកនៅរសៀលនេះ អតីតមេដឹកនាំអតីតបក្សប្រឆាំងនៅកម្ពុជា បានលើកយកខ្លឹមសារ នៃអត្ថបទ ចុះផ្សាយថ្ងៃ ១១ វិច្ឆិកា ២០១៩ ក្នុងសារព័ត៌មាន ឡឺ ម៉ុងដ៍ (Le Monde) ដែលជាកាសែតដ៏ល្បីល្បាញជាងគេ នៅប្រទេសបារាំង ហើយដែលពេញនិយម ក្នុងមជ្ឈដ្ឋានបញ្ញាវន្តបារាំង អឺរ៉ុប និងអន្តរជាតិ។
លោកថា លោក សម រង្ស៊ី មិនបានសម្រេចគោលដៅ ទៅដល់ប្រទេសកម្ពុជា ថ្ងៃ ០៩ វិច្ឆិកា កន្លងទៅនេះ យ៉ាងណាក៏ដោយ តែលោកបានធ្វើឲ្យអ្នកសារព័ត៌មាន អង្គទូត និងអ្នកសង្កេត ការណ៍ជាច្រើន ចាប់អារម្មណ៍ និងតាមដានយ៉ាងដិតដល់ ចំពោះដំណើរទស្សនកិច្ចយ៉ាងមមាញឹករបស់លោក មានទាំងវិលចុះវិលឡើង ទៅមកៗ ពីប្រទេសបារាំង ទៅភូមិភាគអាស៊ីភាគអាគ្នេយ៍ ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
លោកបន្ថែមថា ក្នុងការទាមទារសេរីភាព និងលទ្ធិប្រជាធិបតេយ្យ អ្នកប្រយុទ្ធ ត្រូវតែជម្រុញឲ្យពិភពលោកទាំងមូលចាប់អារម្មណ៍ពីការតសូរបស់ខ្លួន គឺត្រូវតែធ្វើយ៉ាងដូចម្តេច ឲ្យសភាពការណ៍ពុះកញ្ជ្រោលជានិច្ច មិនឲ្យជនផ្តាច់ការ ជិះសេះលែងដៃ ហើយធ្វើឲ្យជនផ្តាច់ការនោះ រងសម្ពាធ កាន់តែខ្លាំងឡើងៗ ពីសាធារណមតិអន្តរជាតិ។
លោក សម រង្ស៊ី បញ្ជាក់ថា ជ័យជំនះលើសមរភូមិសារព័ត៌មាននេះ គឺជាជ័យជំនះចិត្តសាស្ត្រ ដែលនឹងឈានទៅដល់ជ័យជំនះការទូត និងជ័យជំនះនយោបាយ។ ដើម្បីដណ្តើមយកជ័យជំនះបែបនេះបាន អ្នកប្រយុទ្ធត្រូវតែមានកម្រិតវប្បធម៌ និងសីលធម៌ ខ្ពស់ជាងគូបដិបក្ខរបស់ខ្លួន។