សម្តេច ហ៊ុន សែន ​ព្រមានអ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង ថា ពួកគេ​ប្រឈម​នឹង​ចាប់ខ្លួន​វិញ

សម្តេច ហ៊ុន សែន បាន​ព្រមាន​ដល់ អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង ថា ពួកគេ​ប្រឈម​នឹង​ចាប់ខ្លួន​វិញ ប្រសិនបើ​ពួកគេ​បន្តធ្វើ​សកម្ម​ភាពមិន​គប្បី ហើយ​និយាយថា រដ្ឋាភិបាល​រង​សម្ពាធ​អន្តរជាតិ​។ ថ្លែងបែបនេះនៅក្នុង​ពិធី​សម្ពោធ​ផ្លូវ​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ព្រឹក​ថ្ងៃ​សៅរ៍​នេះ។
សម្តេច ហ៊ុន សែន ព្រមានថា «​សម្រាប់​បងប្អូន​ដែល​ត្រូវ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ រឿងក្តី​អត់​ទាន់​បញ្ចប់​ទេ អ្នកណា​ចូលរួម​អ្នកនោះ​មាន​បញ្ហា​»​។ ​អ្នក​ទាំងនោះ​ជាប់​រឿងក្តី​ចំនួន​២​គឺ បទ​ញុះញង់​បង្ករ​ឲ្យ​មាន​ចលាចល ដែល​ប្រឈម​ជាប់គុក​ពី​១ ទី​៣​ឆ្នាំ រីឯ​រឿង​ទី​ពីរ គឺ​ទាក់ទង​នឹង​រដ្ឋប្រហារ ដែល​ប្រឈម​ជាប់​ពី​១០​ទៅ​៣០​ឆ្នាំ​។​

​កន្លងមក អ្នកគាំទ្រ​អតីត​គណបក្សប្រឆាំង​ជាង​៧០​នាក់​ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​ត្រូវ​ក្រោម​ការសង្ស័យថា​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​ជាមួយ​ក្រុម​អ្នកប្រឆាំង ដែលមាន​លោក សម រង្សី ជា​មេដឹកនាំ​។ ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ស៊ីម៉ងត៍​នៅ​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ឲ្យ​សហការ​ជាមួយ​តុលាការ ពិសេស​ជាមួយ​ព្រះរាជអាជ្ញា ដើម្បី​ឲ្យ​ដោះលែង​រាល់​អ្នក​ទាំងនោះ​។​
​ទោះបីជា​យ៉ាងណាក៏ដោយ មនុស្ស​១៨​នាក់ មិន​ត្រូវបាន​លើកលែង​ឡើយ ដោយសារតែ​ពួកគេ​ជា​មេខ្លោង​។ ទាក់ទង​នឹង​អ្នក​ដែល​ទើប​ទទួលបាន​ការដោះលែង​សម្តេច​ហ៊ុន សែន ព្រមាន​ថា ពួកគេ​មិនត្រូវ​ធ្វើ​សកម្មភាព​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះឡើយ ជាពិសេស​ការនិយាយ​ថា សម្តេច​រង​សម្ពាធ​អន្តរជាតិ​។​

​បើ​ពួកគេ​បន្តធ្វើ​សកម្មភាព ត្រឹម​៣​ថ្ងៃ សម្តេច​អាច​បញ្ជា​ឲ្យ​ប្រមូល​មកវិញ​ទាំងអស់ ក្រោម​ហេតុផល​សន្តិសុខ​ជាតិ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds