ហួសចិត្ត!! ប្រពន្ធណែនាំមិនឲ្យផឹកស្រា បុរសជាប្តីតូចចិត្តលួចចងក. សម្លាប់ខ្លួន

(ពោធិ៍សាត់)៖ បុរសម្នាក់តូចចិត្តនិងប្រពន្ធលួចចងកសម្លាប់ខ្លួនដោយបន្សល់ទុកកូនប្រុសស្រី៣នាក់ក្លាយជាកូនកំព្រានៅជាមួយម្តាយ។

តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលក្រុងពោធិ៍សាត់បានបញ្ជាក់ថាករណីលួចធ្វើអត្តឃាតចងកនិងខ្សែអង្រឹងនេះកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចក្នុងបន្ទប់ផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងកើតហេតុពិនិត្យនិងសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយករណីចងកសម្លាប់ខ្លួនមែនដោយរឿងប្រពន្ធហាមមិនឲ្យប្តីផឹកស្រា។

តាមការរៀបរាប់របស់ឈ្មោះឈឹម ថារី អាយុ៥៤ឆ្នាំត្រូវជាប្រពន្ធជនរងគ្រោះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុក្រុមគ្រួសារបងស្រីមានស្រុកកំណើតនៅភូមិដើមភូមិ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមានមុខរបរជាងសំណង់ ពួកគាត់និងក្រុមគ្រួសារខ្វះការងារធ្វើមួយរយៈនៅទីនោះក៏នាំគ្នាមកស្នាក់នៅក្នុងមូលដ្ឋានភូមិត្នោតទ្រេត សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ប្រកបមុខរបរជាងសំណង់ដដែល លុះដល់ថ្ងៃកើតហេតុជនរងគ្រោះជាប្តីឈ្មោះសុខ សាយ អាយុ៥៩ឆ្នាំ ក្រោយពីបញ្ចប់ការងារសំណង់ គាត់បានផឹកស៊ីជាមួយមិត្តភក្តិ គាត់ជាប្រពន្ធក៏ណែនាំមិនឲ្យបុរសជាប្តីផឹក ព្រោះគាត់ធ្វើការធ្ងន់ខ្លាចឈឺប្រកបការងារមិនបាន ប្តីឮប្រពន្ធបន្ទោសខ្លួននៅមុខមិត្តភក្តិកំពុងផឹកស៊ីជាមួយគ្នាក៏ចូលក្នុងបន្ទប់ផ្ទះជួលបិទទ្វារចាក់គន្លឹះក្នុងជិត ខណៈនោះប្រពន្ធនិងកូន៣នាក់បានហៅប្តីពីខាងក្រៅ តែបុរសជាប្តីមិនព្រមបើកទ្វារ គាត់ជាប្រពន្ធ និងកូនប្រុសស្រីរបស់គាត់ ក៏ឲ្យអ្នកស្រុកជួយគាស់ទ្វារបន្ទប់លុះគាស់រួចនាំគ្នាចូលទៅមើលប្រទះឃើញបុរសជាប្តីស្លាប់បាត់បង់ជីវិតតែម្តង ហើយក៏ផ្តល់ព័ត៌មានឲ្យអាជ្ញាធរចុះមកដល់កន្លែងកើតហេតុតែម្តង ។

លោកសុខ មេសា អធិការរងនៃអធិការនគរបាលក្រុងពោធិ៍សាត់បានបញ្ជាក់ថា ក្រោយពេលចុះដល់កន្លែងកើតហេតុ សមត្ថកិច្ចបានសហការណ៍ជាមួយក្រុមគ្រូពេទ្យពិនិត្យលើករណីធ្វើអត្តឃាតរបស់ជនរងគ្រោះឈ្មោះសុខ សាយ នៅកន្លែងកើតហេតុ បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនព្រោះខឹងប្រពន្ធស្តីបន្ទោសបន្តិចបន្តួច ៕

ប្រភព៖ អគស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds