លោក កឹម សុខា សុំទោសអ្នកសារព័ត៌មាន ដោយសារតែតុលាការហាមលោកធ្វើនយោបាយ
លោក កឹម សុខា ប្រធានអតីតគណបក្សប្រឆាំង សំដែងការសោកស្តាយទៅកាន់អ្នកសារព័ត៌មាន ដោយសារតែតុលាការហាមលោកធ្វើនយោបាយ ហើយលោកមិនដឹងថា លោកត្រូវប្រើភាសាអ្វី ទៅកាន់អ្នកសារព័ត៌ និងពលរដ្ឋ ដែលមិនមែនជាភាសានយោបាយ ខណៈលោកគឺជាអ្នកនយោបាយ។
ដូច្នេះលោកសូមមិននិយាយអ្វីទៅកាន់អ្នកសារព័ត៌មានឡើយ។ ការថ្លែងយ៉ាងខ្លីរបស់លោក កឹម សុខា យ៉ាងដូច្នេះ គឺក្រោយពីលោកទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកនៅរសៀលនេះ។
ចំណែក លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា បានថ្លែងទៅកាន់ អ្នកសារព័ត៌មានថា លោកសោកស្តាយដែលលោក កឹម សុខា ត្រូវបានជាប់ឃុំអស់រយៈពេល ២ឆ្នាំមកនេះ។
ឯកអគ្គរដ្ឋទូតរូបនេះបន្តថាលោកចង់ឃើញកម្ពុជាដោះលែងសកម្មជនយោបាយទាំងអស់ឲ្យមានសេរីភាពពេញលេញឡើងវិញ ហើយបើធ្វើបានដូចនេះ វាគឺផ្នែកសំខាន់មួយដែល ធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងអាមេរិកកាន់តែល្អប្រសើរ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចតុលាការពីបទក្បត់ជាតិកាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលមួយឆ្នាំ។ លុះដល់ខែកញ្ញា ឆ្នាំ២០១៨ រូបលោកត្រូវបានផ្ទេរពីពន្ធនាគារត្រពាំងផ្លូវ មកឱ្យស្នាក់នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនអាចធ្វើដំណើរចេញពីក្នុងផ្ទះបាននោះឡើយ។
នៅថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញនេះ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ៕