ពេលនេះផែងវណ្ណៈ ធ្ងន់ក៏ហើយ !!លោក ខាន់ សុវណ្ណ បានដាក់ពាក្យបណ្តឹងទៅតុលាការ ចំនួន៥ករណី និងទាមទារសំណង ជាង១លានដុល្លារ
(ភ្នំពេញ)៖ លោក ខាន់ សុវណ្ណ ដែលគេស្គាល់ថាអ្នកប្រើប្រាស់បណ្ដាញសង្គមម្នាក់ នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ បានដាក់ពាក្យបណ្ដឹងចូលសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្ដឹងលោក ផែង វណ្ណៈ និងបក្ខពួកចំនួន៥បទល្មើស ព្រមទាំងទាមទារសំណងនៃការខូចខាត និងជំងឺចិត្ត រហូតជាង១លានដុល្លារអាមេរិក។
ទស្សនាវីដេអូខាងក្រោមដែលបុគ្គល ផែង វណ្ណៈ ស្រែកប្រមាថខ្លាំងៗ និងប្រើប្រាស់ពាក្យយ៉ាងអសុរសជាទីបំផុត ដល់លោក លោក ខាន់ សុវណ្ណ និងអ្នកដទៃផ្សេងទៀត។
នៅរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ លោក ខាន់ សុវណ្ណៈ បានប្ដឹងលោក ផែង វណ្ណៈ និងបក្ខពួកចំនួន៥បទល្មើសរួមមាន៖ ទី១៖ ហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស, ទី២៖ គំរាមកំហែងថានឹងសម្លាប់ ដោយមានស្ថានទម្ងន់ទោស, ទី៣៖ បរិហាកេរ្ដិ៍ជាសាធារណៈ, ទី៤៖ ជេរប្រមាថជាសាធារណៈ និងទី៥៖ ការគំរាមកំហែងកេរ្ដិ៍។
លោក ខាន់ សុវណ្ណ ក៏បានស្នើសុំឲ្យតុលាការផ្ដន្ទាទោសលោក ផែង វណ្ណៈ ទៅតាមផ្លូវច្បាប់ ហើយទាមទារសំណងការខូចខាត ចំនួន១លានដុល្លារ និងសំណងជំងឺចិត្ត ចំនួន២០ម៉ឺនដុល្លារ និងការខាតបង់ពេលវេលា សេវាកម្មច្បាប់១ម៉ឺនដុល្លារ។
សូមជម្រាបថា រហូតមកដល់ពេលនេះកម្លាំងអាវុធហត្ថលើផ្ទៃប្រទេសបានបញ្ជូនបុគ្គល ផែង វណ្ណៈ អ្នកលេង Facebook ម្នាក់បង្កអសន្តិសុខដល់សង្គម ដែលត្រូវបានតុលាការ ចេញដីកាឲ្យចូលខ្លួន ពាក់ព័ន្ធនឹងបណ្តឹងមេធាវីតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបុគ្គល ផែង វណ្ណៈ នេះបានបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី។
លោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយអាវុធហត្ថខេត្តកណ្តាល ចាប់ឃាត់ខ្លួននៅវេលាម៉ោង១០ព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នេះ តាមដីការបស់ព្រះរាជអាជ្ញា បញ្ជាឲ្យចូលខ្លួន ដើម្បីសាកសួរពាក់ព័ន្ធនឹងករណី ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជាសាធារណៈ។
ការចេញដីកាពីសំណាក់ព្រះរាជអាជ្ញា ចាប់ឃាត់ខ្លួន លោក ផែង វណ្ណៈ ធ្វើឡើងបន្ទាប់ពីមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ បានដាក់ពាក្យបណ្តឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដោយប្តឹងលោក ផែង វណ្ណៈ ពីបទប្រើប្រាស់បណ្តាញសង្គម Facebook ផ្សព្វផ្សាយដល់ សាធារណជន គោលបំណងបរិហាកេរ្តិ៍ ជាសាធារណៈលើ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងមានចេតនាពេញទី គោលបំណងញុះញង់ឲ្យប្រព្រឹត្ត បទឧក្រិដ្ឋជាអាទិ៍ ដែលជាអំពើផ្ទុយនឹង បញ្ញត្តិមាត្រា៣០៥ និងបញ្ញត្តិមាត្រា ៤៩៤-៤៩៥ នៃក្រមព្រហ្មទណ្ឌ។
អត្ថបទ កែវ ច័ន្ទសុផាវរុណ