ក្រោយ​បន្ដ​ធ្វើ​ប្រធាន​អាណត្តិ​ថ្មី លោក ថោង ខុន ប្រកាស​ជួយ​កីឡា​កាយសម្ព័ន្ធ​រាល់ខែ

 

(ភ្នំពេញ)៖​ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានទទួលការគាំទ្រធ្វើជាប្រធានសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា មួយអាណត្តិទៀតហើយ សម្រាប់អាណត្តិទី៦ ឆ្នាំ២០១៩-២០២៣ ។ លើសពីនេះ លោករដ្ឋមន្ដ្រី ក៏បានប្រកាសឧបត្ថម្ភសហព័ន្ធ សម្រាប់ប្រើប្រាស់ក្នុងចំណាយចរន្ដរដ្ឋបាលជាប្រចាំខែទៀតផង ។

នៅក្នុងអង្គមហាសន្និបាត ដើម្បីបញ្ចប់អាណត្តិចាស់នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី០៥ ខែវិច្ឆិកាម្សិលមិញ លោកបណ្ឌិត ថោង ខុន បានទទួលការគាំទ្រជាឯកច្ឆន្ទ ពីសមាជិកពេញសិទ្ធិរបស់អង្គមហាសន្នបាត ដោយបានបោះឆ្នោតគាំទ្រលោកធ្វើជាប្រធានសហព័ន្ធ ដើម្បីបន្ដដឹកនាំ និងអភិវឌ្ឍន៍កីឡាមួយនេះឲ្យកាន់តែរីកចម្រើន ។

ក្រោយទទួលបានការគាំទ្រពីសមាជិកបែបនេះ លោករដ្ឋមន្ដ្រីបានប្ដេជ្ញា នឹងខិតខំបំពេញតួនាទី និងភារកិច្ចឲ្យបានល្អ ដើម្បីជំរុញកីឡាកាយសម្ព័ន្ធ ឆ្ពោះទៅរកភាពស្មើមុខមាត់លើឆាកអន្ដរជាតិ ហើយលោកក៏បានស្នើគ្រប់ភាគីពាក់ព័ន្ធ ត្រូវពួតដៃគ្នា ដើម្បីសម្រេចគោលដៅរួមផងដែរ ។ លោកថា «យើងត្រូវរួមគ្នាយ៉ាងសកម្ម ពិសេសគឺច្បាមជាប់នូវផែនការ និងកម្មវិធីការងារ ឆ្ពោះទៅរកស៊ីហ្គេម ឆ្នាំ២០២៣» ។

ជាមួយគ្នាជាកាដូសម្រាប់ការផ្ដើមការងារអាណត្តិថ្មី ប្រធាន NOCC ដដែល ក៏បានឧបត្ថម្ភថវិកាចំនួន ២,០០០ដុល្លារ សម្រាប់ទ្រងទ្រង់សកម្មភារបស់សហព័ន្ធ ហើយពិសេសលោក ថោង ខុន ក៏បានប្រកាសចំពោះសមាជិកប្រតិបត្តិសហព័ន្ធ និងកីឡាករ-កីឡាការិនី ដោយលោកនឹងចំណាយថវិកាផ្ទាល់ខ្លួន ៥០០ដុល្លារក្នុងមួយខែ សម្រាប់ការចាយចរន្ដនៃរដ្ឋបាលរបស់សហព័ន្ធទៀតផង ។

គួរបញ្ជាក់ថា សម្រាប់សមាសភាពក្បាលម៉ាស៊ីនរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា អាណត្តិទី៦ ក្រៅពីលោកបណ្ឌិត ថោង ខុន ជាប្រធាន គឺមានលោកឧកញ៉ា សុខ ហុង អនុប្រធាន, លោក ណយ ផាណា អគ្គលេខាធិការ, លោក មាស សារ៉េត អគ្គលេខាធិការរង និងលោក ខៀវ ចិន្តា ជាអគ្គហិរញ្ញិក ព្រមទាំងសមាជិក៤រូប រួមមានអ្នកស្រី ដួង សាម៉ៃ, អ្នកស្រី ពេជ្រ យូ, លោក ជុំ រ៉ាទី និងលោក អៀម វ៉ាងឌុល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds