សមាជិកក្រុមឧទ្ទាមម្នាក់ទៀត ដែលចូលរួមក្នុងផែនការរដ្ឋប្រហាររបស់លោកសម រង្ស៉ី ត្រូវចាប់ខ្លួន
(ភ្នំពេញ)៖ សមាជិករបស់ក្រុមឧទ្ទាម សម រង្ស៉ី ត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក ឃាត់ខ្លួននៅរសៀលនៅថ្ងែទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ៣៧៩ ក្រុមទី១១ ភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការចូលរួមផែនការផ្តួលរំលំរាជរដ្ឋាភិបាល។
សមាជិកក្រុមឧទ្ទាមម្នាក់នេះ មានឈ្មោះ នៅ វិចិត្រ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែ មានមុខរបបើករថយន្តដឹកទំនិញ និងជាអតីតសមាជិកក្រុមប្រឹក្សាសង្កាត់បឹងសាឡាងរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលមានទីលំនៅផ្ទះសង់ថ្មី ភូមិគោកឃ្លាង សង្កាត់គោកឃ្លាងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមចម្លើយសារភាពរបស់ឈ្មោះ នៅ វិចិត្រ នៅចំពោះមុខសមត្ថកិច្ចបានឱ្យថា: នាពេលថ្មីៗនេះខ្លួនបានទទួលផែនការពីឈ្មោះ ឈៀង គឹមសួរ អតីតចៅសង្កាត់រង CNRP ឱ្យប្រមូលសកម្មជនសមាជិករបស់ខ្លួនទៅទទួល សម រង្ស៉ី នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ ដោយទទួលគោលដៅផ្លូវសហព័ន្ធរុស្ស៉ី ចាប់ពីស្តុបវត្តនាគវ័នរហូតដល់ព្រលានយន្តហោះភ្នំពេញ សមាជិកម្នាក់ៗត្រូវកាន់ទង់ជាតិ ហើយដងទង់ជាតិត្រូវយកទីបក្រាស់ ដើម្បីទប់ទល់ជាមួយសមត្ថកិច្ច។
សូមបញ្ជាក់ថា រហូតដល់ពេលនេះ មានសមាជិកក្រុមឧទ្ទាមមិនតិចជាង២៥០នាក់ទេ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ច អំពីផែនការក្បត់ជាតិរបស់ លោក សម រង្ស៉ី។ ជាមួយគ្នានេះ ក៏មានសមាជិកក្រុមសម រង្ស៉ី មិនតិចជាង៤០នាក់ផងដែរ ត្រូវបានចាត់វិធានការតាមផ្លូវច្បាប់។ នេះបើតាមការបញ្ជាក់របស់ មន្រ្តីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕