សកម្មជនក្រុមប្រឆាំង នៅប្រទេសថៃ លែងគាំទ្រ និងចូលរួមជាមួយ លោក សម រង្ស៉ី នៅថ្ងៃ៩ វិច្ឆិកា

 

(ភ្នំពេញ)៖ ស្របពេលដែលការកំណត់នៃការវិលមកវិញរបស់លោកសម រង្ស៊ី ជិតដល់កាលកំណត់ លោក សៀ ស៊ីណង សកម្មជនក្រុមប្រឆាំងនៅប្រទេសថៃ ប្រកាសលែងគាំទ្រ និងមិនចូលរួមជាមួយលោក សម រង្ស៉ី មេចលនាឧទ្ទាម នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខនេះទេ ដោយសារតែនយោបាយរបស់ទណ្ឌិតនេះ បានធ្វើឱ្យប្រជាពលរដ្ឋ និងអ្នកគាំទ្រកាន់តែគ្រោះថ្នាក់។

លោក សៀ ស៊ីណង តាមរយៈវីដេអូឃ្លីបប្រមាណជិត៥នាទី បានចាត់ទុកថា ការវិលត្រឡប់ចូលកម្ពុជារបស់ លោក សម រង្ស៉ី នៅថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ មិនពាក់ព័ន្ធនឹងរូបលោកសូម្បីបន្តិច ហើយរឿងនេះ ក៏មិនមែនជាកិច្ចការធំដុំដែលលោកត្រូវអមដំណើរលោក សម រង្ស៉ីទេពីព្រោះ​ លោក សម រង្ស៉ី ធ្វើនយោបាយឱ្យលោកអស់ជំនឿ។ លោកបញ្ជាក់ថា «ខ្ញុំឈប់គាំទ្រយូរហើយ គ្រាន់តែខ្ញុំមិនដែលប្រកាស»

សកម្មជនរូបនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នយោបាយរបស់ លោក​ សម រង្ស៉ី ជានយោបាយទន់ នយោបាយដែលធ្វើឱ្យមានការបែកបាក់គ្នា ឱ្យសកម្មជនជាប់គុកកាន់តែច្រើន»។ រូបគេបន្តថា៖ «នយោបាយធ្វើឱ្យតែពលរដ្ឋក្តៅក្រហាយ ហេតុផលនេះហើយ ដែលខ្ញុំមិនគាំទ្រ លោក សម រង្ស៉ី ហើយចំពោះបងប្អូនពលករណាក៏ដោយ នៅប្រទេសណាក៏ដោយ ដែលថាលើកដៃលើកជើងគាំទ្រ ៩វិច្ឆិកា សូមឱ្យទៅដូចមាត់ផង បើសិនទៅជាទៅដូចមាត់ខ្ញុំទទួលស្គាល់ថា អ្នកក្លាហាន ប្រទេសណាក៏ដោយនៅលើពិភពលោក ឬក៏មកទើត្រឹមប្រទេសថៃ ក៏ខ្ញុំចាត់ទុកថាអ្នកក្លាហាន»

លោក សៀ ស៊ីណង បានពន្យល់ថា មានហេតុផលច្រើនយ៉ាងណា ដែលធ្វើឱ្យលោកសម្រេចលែងគាំទ្រ លោក សម រង្ស៉ី។ លោកបញ្ជាក់ថា៖ «ខ្ញុំលង់ជឿអ្នកឯងរាប់សិបឆ្នាំមកនេះ ដោយសារខ្ញុំក៏ស្រលាញ់សន្តិភាព ស្រលាញ់ការផ្លាស់ប្តូរដែរ ប៉ុន្តែលោកឯងធ្វើនយោបាយដោយរបៀបណា រាប់សិបឆ្នាំមកហើយនោះ វាគួរតែខ្ញុំមិនមានជំនឿលើលោកឯងសូម្បីបន្តិច លោក សម រង្ស៉ី»

ទន្ទឹមនឹងការវាយប្រហារលើ លោក សម រង្ស៉ីនេះ លោកសៀ ស៊ីណង ក៏បែរជាប្រកាសគាំទ្រចំណាត់ការរបស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ចំពោះក្រុមលោក សម រង្ស៉ី ផងដែរ ដោយលោកយល់ថា ចំណាត់ការនេះ គឺដើម្បីថែរក្សាសន្តិភាព និងការរស់នៅស្ងប់សុខរបស់ប្រជាពលរដ្ឋ។

លោក សៀ ស៊ីណង បានថ្លែងដូច្នេះថា៖ «បុគ្គល សម រង្ស៉ី លោកឯងប្រព្រឹត្តកំហុសតែម្នាក់ឯងទេ តែលោកឯងបានធ្វើឱ្យពលរដ្ឋក្តៅក្រហាយ សកម្មជនលោកឯងគេធ្វើទុក្ខបុកម្នេញដោយសារតែលោកឯង លោកឯងជិះយន្តហោះស្រួល ដេកក្នុងម៉ាស៊ីនត្រជាក់ តែពលរដ្ឋដេកគុក»

លោកស៊ីណង សុខចិត្តឱ្យគេដៀលថា លោកជាជនកំសាក តែពេលនេះ លោកចង់បង្ហាញថា លោកមើលឃើញ ហើយគាំទ្រនូវសកម្មភាពដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល។ លោកអះអាងថា កន្លងមក លោកនៅក្មេង ដែលងាយនឹងទទួលរងនូវការបោក តែពេលនេះ លោកមានភាពចាស់ចិត្តគំនិត និងយល់អំពីនយោបាយហើយ។ លោក ស៊ីណង បានប្រកាសចូលរួមធ្វើជាសកម្មជនរបស់ គណបក្សប្រជាជនកម្ពុជា បើសិនជាគណបក្សនេះបើកឱ្យលោកចូលរួម។

លោកស្នើកងកម្លាំងប្រដាប់អាវុធកម្ពុជា ឱ្បបន្តថែរក្សាសន្តិភាព និងសុវត្ថិភាពប្រជាពលរដ្ឋ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ហើយលោកមិនចង់ឃើញសម្រែកឈាមខ្មែរកើតឡើងទៀតទេ។ លោកអះអាងថា៖ បុគ្គលសម រង្ស៉ី ធ្វើខុស អនុវត្តតែលើបុគ្គសម រង្ស៉ីទៅចុះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds