យុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នៅខេត្តព្រះសីហនុ ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងក្នុងពិធីបុណ្យអុំទូក
ខេត្តព្រះសីហនុ៖ កម្មវិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ និងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ផ្តោតលើផលប៉ះពាល់នៃការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ក្នុងគោលដៅចំនួនបួន៖ នៅស្តុបពាណិជ្ជកម្ម ស្តុបកាល់តិច ចំណតបេនឡានមហោស្រពនិងចំណតឡានផ្សារលើ នាព្រឹកថ្ងៃទី០២ វិច្ឆិកាឆ្នាំ២០១៩។
កម្មវិធីនេះរៀបចំដោយសាខាកាកបាទក្រហម ខេត្តព្រះសីហនុសហប្រតិបត្តិការរួមគ្នាជាមួយកំលាំងនគរបាលចរាចរណ៍ នៃស្នងការនគរបាលខេត្ត និងយុវជនកាកបាទក្រហមមកពីសាលាគោលដៅចំនួនពីរ ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងជាសាធារណៈតាមរយៈការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្តោតលើហានិភ័យនៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ កំឡុងព្រះរាជពិធីបុណ្យអ៊ុំទូក ឆ្នាំ២០១៩នេះ។
យុទ្ធនាការអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍នេះ បានទទួលការគាំទ្រ និងបច្ចេកទេសពីអង្គការខេមសេហ្វ និងឧបត្ថម្ភថវិកាដោយក្រុមហ៊ុន APIWSA ។
នៅក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នាថ្ងៃនេះ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ាង ស៊ីណេត អនុប្រធានគណៈកម្មាធិការសាខាខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ហេង ផានិត តំណាងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាលជាតិ លោកវីរៈសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ នគរបាលចរាចរណ៍នៃស្នងការនគរបាលខេត្តព្រះសីហនុ កញ្ញា អ៊ុច ធារី តំណាងរបស់ក្រុមហ៊ុន APIWSA ។
អ្នកសម្របសម្រួលគំរោងសុវត្ថិភាពចរាចរណ៍កាកបាទក្រហមកម្ពុជានិងជាឧត្តម្ភទីប្រឹក្សាបច្ចេកទេសអង្គការ CaMSafe ព្រមទាំងយុវជនកាកបាទក្រហមមកពីសាលាវិទ្យាល័យ ហ៊ុន សែនមិត្តភាព ៥០នាក់ និងវិទ្យាល័យក្រុងព្រះសីហនុ ៥០នាក់ និងមន្រ្តីនគរបាលចរាចរណ៍ ៣៤នាក់ សរុប ១៣៤នាក់។
ក្រោយបញ្ចប់កម្មវិធីបើកយុទ្ធនាការអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ ក្រុមយុវជនកាកបាទក្រហមកម្ពុជា និងដៃគូពាក់ព័ន្ធដែលបានចូលរួមកម្មវិធីទាំងអស់ បានបន្តចុះផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍ តាម រយៈការចែកប័ណ្ណប្រកាស និងបិទស្ទីកឃ័រយានយន្ត ជូនដល់ប្រជាពលរដ្ឋនៅតាមផ្សារ ចំណតរថយន្តឈ្នួល និងម៉ូតូកង់បី ភោជនីយដ្ឋានតាមដងផ្លូវសំខាន់ៗ ព្រមជាមួយការដាក់រៀបចំនូវគោលដៅរបស់នគរបាលចរាចរណ៍ ដើម្បីផ្សព្វផ្សាយខ្លឹមសារអប់រំផ្សព្វផ្សាយនេះផងដែរ។