GMAC បាន​ជំរុញ​ឲ្យ​សមាជិក​ទាំងអស់​​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ

ភ្នំពេញ​៖ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) បាន​ជំរុញ​ឲ្យ​សមាជិក​ទាំង អស់​ចាប់ផ្តើម​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​ចុះបញ្ជី​អ្នក​នាំ​ចេញ (REX) ដើម្បី​ចៀសវាង​ផលវិបាក​ណា មួយ​ដែល​អាច​កើតឡើង​នា​ពេល​ខាង​មុខ ។ នេះបើយោងតាមសេចក្តីជូនដំណឹង​របស់ GMAC ។

GMAC បាន​ឲ្យ​ដឹង​ថា សហភាព​អឺរ៉ុប​បាន​ដាក់​ចេញ​នូវ​ប្រព័ន្ធ​ចុះបញ្ជី អ្នក​នាំ​ចេញ (REX) ដែល​អ្នក​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​អាច​ធ្វើការ​ប្រកាស​ដោយ​ខ្លួនឯង​អំពី ប្រភព​ដើម​នៃ​ផលិតផល​នាំ​ចេញ​របស់​ពួក​គេ (​ការ​ប្រកាស​ប្រភព​ដើម​) នៅ​លើ​ឯកសារ ពាណិជ្ជកម្ម​របស់​ពួក​គេ ដោយ​មិន​ប្រើ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ (CO) ដែល​ចេញ ដោយ​ក្រសួងពាណិជ្ជកម្ម ។

បើ​តាម GMAC អស់​រយៈពេល​ប្រហែល​មួយ​ឆ្នាំ​ហើយ ដែល​ក្រសួងពាណិជ្ជកម្ម និង GMAC បាន​ព្យាយាម​អស់ពី​សមត្ថភាព ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ​ទៅ​ដល់​សមាជិក​ទាំងអស់ ។ ជា​អកុសល បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​សរុប​នៃ​រោងចក្រ​ទាំងអស់ រោងចក្រ​មិន​ច្រើន​ទេ ដែល​បាន​ចុះ​ឈ្មោះ​ក្នុង​ប្រព័ន្ធ​នេះ​។

សមាគម GMAC បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ត្រឹម​ដំណាច់ឆ្នាំ ២០១៩ នេះ ដែល​ជា​ការ​បរិច្ឆេទ ផុតកំណត់ រោងចក្រ​ណា​ដែល​ខក​ខានមិនបាន​ចុះ​ឈ្មោះ​នៅ​ក្នុង​ប្រព័ន្ធ REX នេះ​នឹង​ត្រូវ បង់ពន្ធ​នាំ​ចូល​ទៅ​សហភាព​អឺរ៉ុប សម្រាប់​ការ​នាំ​ចេញ​របស់​ពួក​គេ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open