តុលាការចោទប្រកាន់ មេក្លោងនិងអ្នក​រួមគំនិត​ក្បត់ជិត៨០​នាក់

 

(ភ្នំពេញ)៖ យ៉ាងហោចណាស់មេក្លោង និងអ្នករួមគំនិតជាមួយឧទ្ទាម សម រង្ស៉ី មានចំនួនប្រមាណជិត៨០នាក់ ដែលបានរួមគំនិតក្បត់ ក្នុងការរៀបចំផែនការផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវសាលាដំបូងរាជធានី-ខេត្ត បានចេញដីកាចោទប្រកាន់។

សូមរំឭកថាសាលាដំបូងរាជធានី-ខេត្ត ជាបន្តបន្ទាប់បានសម្រេចចេញដីកាចោទប្រកាន់មេក្លោង និងអ្នករួមគំនិតធ្វើរដ្ឋប្រហារ។ ក្នុងនោះមួយចំនួនត្រូវសមត្ថកិច្ចអនុវត្តច្បាប់ឈានទៅចាប់ខ្លួន-ឃុំខ្លួន។ ក្នុងនោះដែរ មួយចំនួនក៏ត្រូវបានដោះលែង និងបន្តដោះលែងទៅវិញ បន្ទាប់ពីពួកគេបានបំភ្លឺការពិត និងលាតត្រដាងពីផែនការ រួមទាំងសកម្មភាពក្បត់របស់ខ្លួន ដោយមានការបង្ហើបព័ត៌មានអំពីមេក្លោងដែលបញ្ជាឲ្យអនុវត្តផែនការ និងសកម្មភាពខុសច្បាប់ទាំងនោះ។

បើគិតមកទល់នឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩នេះ អតីតថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានចោទប្រកាន់នោះរួមមាន៧៦នាក់ហើយ។ ក្នុងនោះចំនួន២២១នាក់ បានចូលសារភាពទទួលស្គាល់ទោសកំហុស ខណៈដែលមានសមាជិកក្រុមនេះចំនួន៤៦នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងទប់ស្កាត់តាមផ្លូវច្បាប់ទាន់ពេលវេលា។

តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ បទល្មើសរួមគំនិតក្បត់ អាចប្រឈមការផ្តន្ទាទោសពី ៥ឆ្នាំ ទៅ ១០ឆ្នាំ។ ក្នុងករណីដែល អ្នកពាក់ព័ន្ធទាំងនោះចូលខ្លួនសារភាពកំហុសទាន់ពេលវេលា នោះនឹងទទួលបានការលើកលែងទោស យោងតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌ។

សូមរំឭកថា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម គឹម សន្តិភាព ធ្លាប់បានលើកឡើងថា «ការសារភាព មិនចូលរួមនឹងសកម្មភាពទាំងនេះ ជាជម្រើសតែមួយគត់ដើម្បីការពារអ្នកអោយរួចផុតពីទោសទណ្ឌ!»។ ឯកឧត្តម បានបន្តថា ការប៉ុនប៉ងរដ្ឋប្រហារ នៃផែនការនៃផែនការមួយ នៃផែនការជាច្រើនទៀតរបស់ទណ្ឌិត សម រង្ស៊ី និងបក្សពួក ក្នុងការធ្វើអោយកើតមានរដ្ឋប្រហារផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខនេះ!។

ឯកឧត្តម គឹម សន្តិភាព៖ «សមត្ថកិច្ចគ្រប់លំដាក់ថ្នាក់ គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ បាននឹងកំពុងអនុវត្តវិធានការច្បាប់ ចំពោះក្រុមឧក្រិដ្ឋជនទាំងនេះជាបន្តបន្ទាប់ដើម្បីបង្ការ ទប់ស្កាត់ និងបំផ្លាញចោលរាល់សកម្មភាពទាំងនេះ!»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open