ប្រាសាទបុរាណរបស់ជប៉ុនមានអាយុកាលជិត៦០០ឆ្នាំ ត្រូវលេបត្របាក់ដោយអគ្គិភ័យ
ជប៉ុន៖ ប្រាសាទស៊ូរី (Shuri Castle) ដែលជាប្រាសាទចំណាស់អាយុកាលជិត ៦០០ឆ្នាំ និងតំណាងឲ្យតំបន់អូគីណាវ៉ា ស្ថិតនៅក្នុងក្រុងណាហារបស់ប្រទេសជប៉ុនត្រូវបានអគ្គិភ័យលេបត្របាក់។ នេះបើយោងតាមសារព័ត៌មាន Japan times ។
ប្រាសាទបុរាណនេះត្រូវបានធ្វើឡើងពីឈើដោយមានរចនាបទនៃការសាងសង់ និងម៉ូតបែបជប៉ុន និងចិន មានផ្ទៃក្រឡាសរុបប្រមាណ ៤.២០០ ម៉ែត្រការ៉េ។ ប្រាសាទឈើមួយនេះត្រូវបានគេសាងសង់ឡើងនៅក្នុងឆ្នាំ ១៤២៩ និងត្រូវបានគេប្រើប្រាស់រហូតដល់ឆ្នាំ ១៨៧៩ ទើបវាត្រូវបានរងនូវការខូចខាតជាច្រើនព្រោះបញ្ហាសង្គ្រាម។
នៅក្នុងឆ្នាំ ១៩៩២ ប្រាសាទមួយនេះត្រូវបានគេជួសជុល និងកែលម្អបន្ថែមជាច្រើនកន្លែងទៀត។ ក្រៅតែមានជាតួនាទីជាសំណង់អាគារដំណាងឲ្យតំបន់សំខាន់មួយហើយ ប្រាសាទស៊ូរីត្រូវបានគេដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ និងជាគោលដៅទេសចរណ៍ដ៏មានសក្តានុពលបំផុតសម្រាប់ទាំងភ្ញៀវទេសចរណ៍ជាតិ និងអត្តជាតិ។
យ៉ាងណាមិញការបាត់បង់នូវប្រាសាទបុរាណនេះ ប្រជាជនជប៉ុនមានការសោកស្ដាយបំផុត ព្រោះជាសម្បត្តិបេតិកភណ្ឌពិភពលោក ហើយក៏ជាប្រវិត្តសាស្រ្តមួយដែលទុកសម្រាប់បង្ហាញដល់ក្មេងៗជំនាន់ក្រោយបានស្គាល់ផងដែរ៕