ប្រធានគ្រប់គ្រងRFI ផ្នែកភាសាខ្មែរ នេះក៏មិនមែនជាលើកទី១ ដែលលោក សម រង្ស៉ី ចោទប្រកាន់ RFI

 

ភ្នំពេញ៖ បន្ទាប់ពីអតីតប្រធាន​ស្តីទីគណបក្ស​សង្រ្គោះ​ជាតិ លោក សម រង្ស៉ី បានរិះគន់ទៅលើវិទ្យុបារាំងអន្ដរជាតិ (RFI) ផ្នែកភាសាខ្មែរ ថា វិទ្យុមួយនេះ មានភាពលំអៀងមកលើរាជរដ្ឋាភិបាលកម្ពុជា។ ប្រធានគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ (RFI) ផ្នែកភាសាខ្មែរ មិនមានបំណងប្រតិកម្មឆ្លើយតបភ្លាមៗទេ នៅថ្ងៃពុធនេះ ដែលនេះក៏មិនមែនជាលើកទី១ ដែលលោក សម រង្ស៉ី ចោទប្រកាន់វិទ្យុ RFI នោះ ។

លោក សម រង្ស៉ី បានសរសេរនៅលើទំព័រហ្វេសប៊ុកលលោកមុននេះបន្តិចយ៉ាងដូច្នេះថា៖ «បទសម្ភាសន៍លោក សម រង្ស៊ី កាលពីម្សិលមិញ ជាមួយវិទ្យុបារាំងអន្តរជាតិ (RFI) ពីទីក្រុងប៉ារីស។ នាយកដ្ឋាន វិទ្យុ RFI ជាភាសាខ្មែរ ស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលមួយក្តាប់តូច ដែលបម្រើរបប ហ៊ុន សែន ដោយបិទមុខ» ។ ប្រតិកម្មនេះបន្ចាប់ពីវិទ្យុ RFI ជាភាសាខ្មែរ ធ្វើកិច្ចសម្ភាសន៍ជាមួយលោក សម រង្ស៉ី កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ។

ជុំវិញការចោទប្រកាន់បែបនេះ ប្រធានគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ (RFI) ផ្នែកភាសាខ្មែរ លោក Jean-François Tain (ហ្សង់-ហ្រ្វង់-ស្វ័រតាន់) មិនមានបំណងប្រតិកម្មឆ្លើយតបភ្លាមៗទេ នៅថ្ងៃពុធនេះ ដែលនេះក៏មិនមែនជាលើកទី១ ដែលលោក សម រង្ស៉ី ចោទប្រកាន់វិទ្យុ RFI នោះ ។

លោកស្វ័រតាន់ បានលើកឡើងថា៖ «ខណៈនេះយើងមិនមានបំណងប្រតិកម្មឆ្លើយតបភ្លាមៗ ទៅនឹងអ្វីដែលគាត់ [សម រង្ស៉ី] បានលើកឡើងទេ ពីព្រោះមិនមែនជាលើកទី១ ដែលគាត់ធ្វើបែបនេះ។ វិទ្យុបារាំងអន្តរជាតិនៅភ្នំពេញ កំពុងពិភាក្សានិងទាក់ទងទៅថ្នាក់ដឹកនាំបារាំងនៃវិទ្យុ RFI នៅឯទីក្រុងប៉ារីស ថា តើត្រូវឆ្លើយ ឬមិនឆ្លើយ តែតាមយោបល់របស់ខ្ញុំ អត់ចាំបាច់ទេ» ។

កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វិទ្យុបារាំងអន្ដរជាតិ(RFI) ផ្នែកភាសាខ្មែរ តំណាងដោយលោក គួច គន្ធារ៉ា បានធ្វើបទសម្ភាសន៍ជាមួយលោក សម រង្ស៉ី អំពីជំហររបស់លោក សម រង្ស៉ី ក្នុងការធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅថ្ងៃ ០៩​ វិច្ឆិកា​ ២០១៩​ ដែលជាខួបទី៦៦ នៃទិវាឯករាជ្យ​ជាតិ​ ដែលកម្ពុជាដណ្តេីមបានពីអាណានិគមនិយមបារាំង ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds