ACU បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តអនុសញ្ញាUN ប្រឆាំងអំពើពុករលួយនៅកម្ពុជា ជុំទី២
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) នៃកម្ពុជា បានរៀបចំកិច្ចប្រជុំទទួលការមកត្រួតពិនិត្យ ដល់ប្រទេស (Country Visit) នូវការអនុវត្តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយ (UNCAC) ជុំទី២ នៅកម្ពុជា ពីសំណាក់តំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញ មកពីប្រទេសថៃ និងអេស្វាទីទី។
អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយនៃកម្ពុជា លោក ឃាង សេង បានថ្លែងថា កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ជាវេទិកាដល់ភាគីត្រួតពិនិត្យ (តំណាងអ.ស.ប, និងអ្នកជំនាញមកពីប្រទេសថៃ និងអេស្វាទិនី ) ជួបសាកសួរ ជជែកដេញដោលលម្អិតផ្ទាល់ ជាមួយភាគីពាក់ព័ន្ធអំពីការអនុវត្តជាក់ស្តែង ទាក់ទងនិងបទដ្ឋានដែល UNCAC បានកំណត់ និងដែលកម្ពុជាត្រូវគោរពតាម ដោយផ្តោតលើជំពូកទី២ វិធានការបង្ការអំពើពុករលួយ និងជំ ពូកទី៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើសពុករលួយនៃ UNCAC បន្ថែមលើព័ត៌មាន ដែលបានផ្តល់ជូនក្នុងរបាយការណ៍ស្វ័យវាយតម្លៃ ដែលបានអនុម័តក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩ ដែលកម្ពុជាបានដាក់ជូនពិនិត្យ។
លោក ឃាង សេង បានបញ្ជាក់ទៀតថា កិច្ចប្រជុំនេះក៏បានឆ្លុះ បញ្ចាំងពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការបើកចំហរ បស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទទួលទស្សនៈកិច្ចត្រួតពិនិត្យ ដល់ប្រទេសពីភាគីត្រួតពិនិត្យ ដែលជាយន្តការជាជម្រើសក្នុងដំណើរការត្រួតពិនិត្យ។ ក្រោយកិច្ចប្រជុំផ្អែកលើព័ត៌មានទទួលបាន ភាគីត្រួតពិនិត្យ នឹងរៀបចំនូវរបាយការណ៍ប្រចាំប្រទេ ស (Country Report) ស្តីពីការអនុវត្ត UNCAC នៅកម្ពុជា ដែលជាការគូសបញ្ជាក់ពីការបិទបញ្ចប់ការត្រួតពិនិត្យ ការអនុវត្ត UNCACជុំទី២ នៅកម្ពុជា។
សូមជម្រាបថា ការត្រួតពិនិត្យការអនុវត្ត UNCAC ត្រូវបានធ្វើឡើងជា២ជុំ ដោយជុំទី១ ផ្តោតការត្រួតពិនិត្យលើជំពូកទី៣ ការកំណត់ជាបទល្មើស និងជំពូកទី៤ កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជុំទី២ ផ្តោតការត្រួតពិនិត្យលើជំពូកទី២ វិធានការបង្ការអំពើពុករលួយ និងជំពូកទី៥ ការបញ្ជូនមកវិញនូវផលនៃបទល្មើសពុករលួយ ហើយ ភាគីមកត្រួតពិនិត្យគឺជ្រើសរើសតាមការចាប់ឆ្នោត។ កម្ពុជាបានទទួលការត្រួតពិនិត្យជុំទី១ បានបញ្ចប់នៅឆ្នាំ២០១៥ ដោយតំណាងអង្គការសហប្រជាជាតិ និងអ្នកជំនាញមកពីប្រទេសមីយ៉ាន់ម៉ា និងតូហ្គូ៕