លោក សម រង្ស៊ី អំពាវនាវទៅកាន់សហគមន៍អន្តរជាតិសូមជួយធានាសន្តិភាព និងសេរីភាព ជូនប្រជារាស្ត្រខ្មែរ

លោក សម រង្ស៊ី នៅតែអះអាងថា ថ្ងៃទី ៩ វិច្ឆិកា គឺជាថ្ងៃប្រវត្តិសាស្ត្រ ក្នុងការផ្លាស់ប្តូរដ៏ធំធេងរបស់កម្ពុជា ដោយថាថ្ងៃនោះលោកនឹងមកជាន់ដីកម្ពុជា ហើយឈានទៅបណ្តេញ ឬ ចាប់លោក ហ៊ុន សែន និងបក្ខពួក ដើម្បីយកប្រទេសជូនប្រជារាស្ត្រវិញ ជាមួយគ្នានេះដែរ លោក សម រង្ស៊ី អំពាវនាវទៅកាន់សហគមន៍អន្តរជាតិសូមជួយធានាសន្តិភាព និងសេរីភាព ជូនប្រជារាស្ត្រខ្មែរ។

លោក សម រង្ស៊ី សរសេរនៅក្នុងហ្វេឹសបុករបស់លោកនៅយប់ថ្ងៃទី២៩ ខែតុលានេះថា លោក សម រង្ស៊ី សេចក្តីអំពាវនាវទៅកាន់សហគមន៍អន្តរជាតិ ស្តីពីមាតុភូមិនិវត្តន៍ របស់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ថ្ងៃ ០៩ វិច្ឆិកា ២០១៩។ ក្រោយពីបាននិរទេសខ្លួនច្រើនឆ្នាំមកហើយ ខ្ញុំនឹងវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩ នេះ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគេស្គាល់ថាជាជនផ្តាច់ការដ៏សាហាវ បានគំរាមថា នឹងចាប់ខ្លួនរូបខ្ញុំ ហើយបានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធ កម្ទេចមនុស្សដែលគាត់ចោទថាជាឧទ្ទាម។ តាមការពិត ខ្ញុំគ្រាន់តែមានបំណងដឹកនាំកម្លាំងខ្មែរអ្នកស្នេហាជាតិ និងស្នេហាសេរីភាព វិលត្រឡប់ទៅប្រទេសកំណើតរបស់យើងវិញតែប៉ុណ្ណោះ។

លោកថា គណបក្សប្រឆាំង មានឈ្មោះថាគណបក្សសង្ក្រោះជាតិ ដែលខ្ញុំបានបង្កើតជាមួយលោក កឹម សុខា ទទួលបានសម្លេងគាំទ្រពីសំណាក់ប្រជារាស្ត្រប្រមាណពាក់កណ្តាលនគរ ទោះបីគណបក្សយើង បានរងការធ្វើទុក្ខបុកម្នេញឥតឈប់ឈរយ៉ាងណាក៏ដោយ។ គណបក្សយើង ត្រូវបានគេរំលាយដោយអត្តនោម័ត ហើយមិនអាចចូលរួមក្នុងការបោះឆ្នោតណាមួយបានទេ នាពេលអនាគតដ៏ខ្លី។ សហការីរបស់ខ្ញុំដ៏ឆ្នើមបំផុត ត្រូវគេបាញ់សម្លាប់ ឬក៏ត្រូវគេចាប់យកទៅឃុំឃាំង ឬក៏ត្រូវគេបង្ខំឲ្យនិរទេសខ្លួននៅក្រៅប្រទេស។ ដូច្នេះ ខ្ញុំគ្មានជម្រើសអ្វីទៀតទេ ក្រៅពីវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ ដោយសន្តិវិធី និងអហិង្សា ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ ឲ្យរស់ឡើងវិញ។ គម្រោងរបស់ខ្ញុំ គឺបំផុសឲ្យមានចលនាមហាជន តាមគម្រូចលនាមហាជន ដែលគេឲ្យឈ្មោះថា “អំណាចប្រជាពលរដ្ឋ” ដូចដែលបានកើតឡើង ដោយសន្តិវិធី និងអហិង្សា នៅប្រទេសហ្វីលីពិន ក្នុងឆ្នាំ ១៩៨៦។

នៅថ្ងៃ ០៩ វិច្ឆិកា ខាងមុខនេះ ដែលជាថ្ងៃបុណ្យឯករាជ្យជាតិរបស់ប្រទេសកម្ពុជា អ្នកប្រជាធិបតេយ្យទាំងអស់ទូទាំងពិភពលោក នឹងអបអរសាទរ ថ្ងៃខួបនៃការផ្តួលរំលំកំផែង ទីក្រុងប៊ែរឡាំង ក្នុងឆ្នាំ ១៩៨៩។ ការផ្តួលរំលំកំផែង ទីក្រុងប៊ែរឡាំងនេះ បានក្លាយទៅជានិមិត្តរូបជាសកល នៃការដណ្តើមយកសេរីភាពមកវិញ ប្រកបដោយជោគជ័យ សម្រាប់ប្រជារាស្ត្រនានាទូទាំងពិភពលោក។ នៅថ្ងៃ ០៩ វិច្ឆិកា ខាងមុខនេះ សូមអ្នកប្រជាធិបតេយ្យទាំងអស់ទូទាំងពិភពលោក នឹកមកប្រទេសកម្ពុជាផង ពីព្រោះប្រជារាស្ត្រខ្មែរ កំពុងតែតស៊ូ ដើម្បីដណ្តើមយកសេរីភាពរបស់ខ្លួនមកវិញ។

ខ្ញុំត្រៀមខ្លួនរួចស្រេចហើយ ដើម្បីបូជាសេរីភាពរបស់ខ្ញុំ ហើយស្ម័គ្រចិត្តបូជារហូតដល់ជីវិតរបស់ខ្ញុំ ដើម្បីផ្តល់ឱកាសជាប្រវត្តិ​សាស្ត្រ ឲ្យលទ្ធិប្រជាធិបតេយ្យរស់ឡើងវិញ នៅប្រទេសកំណើតរបស់ខ្ញុំ និងផ្តល់សេរីភាពជូនប្រជារាស្ត្រដ៏កម្សត់របស់ខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds