នៅដើមខែវិច្ឆិកា ក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំមួយ ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រសួងមហាផ្ទៃ នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីធ្វើវិសោធនកម្មច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ។
សេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ ឲ្យដឹងថា ក្រសួងមហាផ្ទៃសូមជូនដំណឹងដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស ព្រមទាំងសាធារណជនជាតិនិងអន្តរជាតិឲ្យបានជ្រាបថា ក្រុមការងាររបស់រាជរដ្ឋាភិបាលដើម្បីសម្របសម្រួលដោះស្រាយសំណើ និងសំណូមពររបស់អង្គការសង្គមស៊ីវិល នឹងរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងអង្គការសង្គមស៊ីវិល ដើម្បីស្វែងយល់បន្ថែមទៀតលើសំណើសុំធ្វើវិសោធនកម្មច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់អង្គការសង្គមស៊ីវិល។
គួរបញ្ជាក់ថា ច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៥នាសម័យប្រជុំពេញអង្គលើកទី៧ នីតិកាលទី៣ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថាស្របនឹងរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥។
ច្បាប់ ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលមាន៩ជំពូក និង៣៩ មាត្រានេះ ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្តលេខា និងព្រះរាជលញ្ជករដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១២ខែសីហា ឆ្នាំ២០១៥៕