យន្តហោះ​បំបាំងកាយ​ធុន ​F-35B ចូលរួម​ក្នុង​សមយុទ្ធ​លើកដំបូង​ជាមួយ​យោធា​ហ្វីលីពីន ខណៈ​រដ្ឋាភិបាល​ក្រុង​ម៉ានីល​រិះគន់​ចិន

ទាហាន​ហ្វីលីពីន​និង​អាម៉េរិក​សរុប​ជាង​៧.៥០០​នាក់​ កាលពី​ថ្ងៃ​ចន្ទ​ទី​០១​មេសា បានចាប់ផ្តើម​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​ធំ​បំផុត​របស់​ខ្លួន ចំ​ពេល​មាន​របាយការណ៍​អំពី​ការទន្ទ្រាន​​របស់​ចិន​ចូល​ក្នុង​ដែនទឹក​ជុំវិញ​ដែនទឹក​កាន់កាប់​ដោយ​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។

សមយុទ្ធ​Balikatan​ឆ្នាំនេះ មាន​ការចូលរួម​ដោយ​ទាហាន​ហ្វីលីពីន​៤.០០០​នាក់​និង​ទាហាន​អាម៉េរិក​៣.៥០០​នាក់​។​ទាហាន​អូស្ត្រាលី​មួយក្រុម​មាន​គ្នា​៥០​នាក់​ក៏​ចូលរួម​ផង​ដែរ​។

ក្នុងចំណោម​នាវាចម្បាំង​អាម៉េរិក​ដែល​ចូលរួម រួម​មាន​នាវា​USS Wasp នាវា​បុក​ឡើង​ច្រាំង​មួយ​និង​យន្តហោះ​ប្រយុទ្ធ​បំបាំងកាយ​ធុន​F-35B ​ដែល​ត្រូវបាន​បញ្ជូន​ចូលរួម​ក្នុង​សម​​យុទ្ធ​ជា​លើកដំបូង​។​

​សមយុទ្ធ​Balikatan ​ដែល​នឹង​ប្រើ​ពេល​រហូត​ដល់​ថ្ងៃ​១២​មេសា ត្រូវបាន​ធ្វើឡើង​ចំ​ពេល​ហ្វីលីពីន​តវ៉ា​ខាង​ការទូត​ជុំវិញ​របាយការណ៍​ថា ក្រុម​ទូក​នេសាទ​និង​នាវា​ចិន​ចូល​ទន្ទ្រាន​​ដែនទឹក​ម្តុំ​កោះធី​ទូ​( Thitu )​នៅ​ចម្ងាយ​៤៨០​គីឡូម៉ែត្រ​ពី​ឆ្នេរ​ហ្វីលីពីន​។​

​កងកម្លាំង​ហ្វីលីពីន​បាន​កាន់កាប់​កោះ​Thitu​ចាប់តាំងពី​ឆ្នាំ​១៩៧០​។ ជាមួយ​នឹង​ទំហំ​៣៧​ហិក​តា វា​ជា​ប៉ុស្តិ៍ប៉​មជួរ​មុខធំ​បំផុត​របស់​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​ជន​ស៊ី​​វិល​ប្រមាណ​មួយ​រយ​នាក់​និង​ទាហាន​ម៉ា​រី​ន​មួយក្រុម​តូច កំពុង​រស់នៅ​លើ​នោះ ជា​អ្វី​ដែល​អាជ្ញាធរ​ហ្វីលីពីន​ហៅថា ភូមិ​ដាច់​ស្រា​យល​បំផុត​មួយ​។​

​យោធា​ហ្វីលីពីន បាន​រាយការណ៍​ថា ទូក​នេសាទ​ចិន​យ៉ាងតិច​២០០​និង​នាវា​ឆ្មាំ​ម​សមុទ្រ​ចិន ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ជុំវិញ​កោះ​នេះ ដោយ​រារាំង​ការចូល​នេសាទ​របស់​អ្នកនេសាទ​​ហ្វីលីពីន​។​ក្នុងពេល​ជាមួយគ្នា អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បាន​ប្រាប់​អ្នកយក​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ទី​១​មេសា​ថា ​ក្រសួង​ការបរទេស​បាន​តវ៉ា​ប្រឆាំង​ទៅកាន់​ស្ថានទូត​​ចិន​រួចហើយ​។​លោក​ថា លោក​ក៏​នឹង​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​ឯកអគ្គរដ្ឋទូត​ចិន​។​

​ក៏​មាន​របាយការណ៍​អំពី​ការរារាំង​រំខាន​ដល់​អ្នកនេសាទ​ហ្វីលីពីន​នៅ​ម្តុំ​ថ្ម​ប៉ប្រះ​ទឹក Scarborough Shoal ដែល​ជា​ទីតាំង​ប្រទាញប្រទង់​មួយទៀត​រវាង​ហ្វីលីពីន​និង​ចិន​។​តែ​ឯកអគ្គ​​រដ្ឋទូត​ចិន​បាន​និយាយថា ទាំង​ចិន​និង​ហ្វីលីពីន​បាន​ព្រមព្រៀង​រារាំង​មិនឲ្យ​ពួក​អ្នកនេសាទ​ចូល​ជិត​តំបន់​ថ្ម​ប៉ប្រះ​ទឹក​នេះ​ទេ​។​

​សូមបញ្ជាក់​ថា ចិន​បាន​ចូល​កាន់កាប់​តំបន់ Scarborough នៅ​ឆ្នាំ​២០១២ ​បន្ទាប់​ពី​នាវា​កងទ័ពជើងទឹក​ហ្វីលីពីន​មួយ​ស្ទាក់​ចាប់​ទូក​នេសាទ​ចិន​៨​គ្រឿង​នៅ​ទីនោះ​។​ក្រោយមក​​ចិន​បាន​បន្ធូរបន្ថយ​ការកាន់កាប់ ខណៈ​ហ្វីលីពីន​ស្វះស្វែង​ធ្វើឲ្យ​ទំនាក់ទំនង​របស់​ខ្លួន​ល្អប្រសើរ​ឡើង​ជាមួយ​ចិន ដោយ​ទូក​នេសាទ​ហ្វីលីពីន​ត្រូវបាន​អនុញ្ញាត​ឲ្យចូល​ទៅ​​តំបន់​នោះ​ជាថ្មី​៕​

អត្ថបទ  កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds