ឃាត់ខ្លួនជនជាតិថៃទាំង២នាក់ និងគ្រឿងញៀនទម្ងន់២៧គីឡូក្រាម ប្រមុងឆ្លងដែនពីសៀមរាប ទៅហ្វីលីពីន
សៀមរាប ៖ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានសហការជាមួយកម្លាំងការិយាល័យត្រួតពិនិត្យគយប្រចាំអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានត្រួតពិនិត្យជនជាតិថៃ ២នាក់ ក្នុងករណីសង្ស័យនាំគ្រឿងញៀន ឆ្លងកាត់ព្រលានយន្តហោះអន្តរជាតិសៀមរាប រកឃើញគ្រឿងញៀនទម្ងន់២៧,៣០គីឡូក្រាម និងបានឃាត់ជនសង្ស័យ២នាក់។
ការឃាត់ខ្លួនជនជាតិថៃទាំង២នាក់ខាងលើនេះ ដោយមានការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នាវេលាម៉ោង២២និង០៥នាទី ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ក្នុងករណីសង្ស័យនាំគ្រឿងញៀន ចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន តាមជើងហោះហើរលេខ 5J-258 (REP-MNL) នៅចំណុចស្ថាននីយ៍ចេញដំណើរអន្តរជាតិ ដោយរកឃើញ ម្ស៉ៅក្រាមពណ៌សថ្លា រុំដោយថង់ប្លាស្ទីក ខ្ចប់ក្រដាសអាលុមីញ៉ូមចំនួន ២៧ដុំ ទម្ងន់សរុប ២៨,៣០គីឡូក្រាម (ទម្ងន់គ្រឿងញៀនសុទ្ធ ២៧,៣០គីឡូក្រាម)។
តាមរបាយការណ៍របស់នគរបាលអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិថៃទាំង២នាក់នេះរួមមាន ៖
ទី១.ឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី អាយុ៣៧ឆ្នាំ បានផ្ទុកគ្រឿងញៀនចំនួន ១២ដុំ ទម្ងន់ ១២,៥គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១២,២០គីឡូក្រាម)
និងទី២.ឈ្មោះ PRACHAMON WIPA ភេទស្រី អាយុ៣០ឆ្នាំ បានផ្ទុកគ្រឿងញៀនចំនួន ១៥ដុំ ទម្ងន់១៥,៨គីឡូក្រាម (ថ្លឹងទម្ងន់គ្រឿងញៀនសុទ្ធ ១៥,១០គីឡូក្រាម) បន្ទាប់ពីមន្ត្រីជំនាញ នៃកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានធ្វើតេសបញ្ជាក់ថា ក្រាមពណ៌សខាងលើ ជាប្រភេទគ្រឿងញៀន មេតំហ្វេតាមីន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនទម្ងន់ ២៧,៣០គីឡូក្រាម ត្រូវបានដកហូត និងឃាត់ខ្លួនប្រគល់ជូនកម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕
អត្ថបទ៖ សុខ លាភ