គ្រួសារសពនគរបាលនៅខេត្តបាត់ដំបង ស្នើអោយអគ្គស្នងការ អន្តរាគមន៍ រឿងបាត់លុយសពមន្ត្រីជាច្រើនរូប

ក្រុមគ្រួសារនៃសពមន្រ្តីនគរបាលជាតិទូទាំងខេត្តបាត់ដំបង ប្រមាណជាង៤០រូប បានដាក់លិខិតមួយជូន ឯកឧត្តមនាយកឧត្តមសេនីយ៍សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ អោយចាត់តាំងមន្រ្តីជំនាញ ចុះស៊ើបអង្កេតស្រាវជ្រាវលើមន្ត្រីជាន់ខ្ពស់របស់ស្នងការខេត្តពីររូប ដែលសង្ស័យថាបានកិបកេងថវិការរបស់ពួកគាត់​។

នៅក្នុងលិខិតនោះ ដែលមានស្នាមមេដៃ ក្រុមគ្រួសារមន្ត្រីនគរបាលជាតិទូទាំងខេត្តបាត់ដំបង ស្នើអោយមានការស៊ើបអង្កេតស្រាវជ្រាវលើលោកវរសេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក និងលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនគ្រប់គ្រងធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លើករណីស៊ីដាច់ប្រាក់បៀវត្សរ៍របស់មន្រ្តីនគរបាលទទួលមរណៈភាព អស់រាប់រយលានរៀល។

លិខិតខាងលើ បន្តថា មន្រ្តីនគរបាលដែលទទួលមរណៈភាពជាច្រើននាក់ ដែលនាយការិយាល័យបុគ្គលិក និងលោកស្នងការរងប្រធានផែនគ្រប់គ្រងធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មិនបានផ្តល់ប្រាក់បៀវត្សរ៍ជូនដល់ក្រុមគ្រួសារសពមុនពេលក្រសួងមហាផ្ទៃកាត់ផ្តាច់បៀវត្សរ៍ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានៅឡើយ។

លិខិតដដែលបន្តថា យើងខ្ញុំតំណាងក្រុមគ្រួសារសពមន្រ្តីនគរបាលទូទាំងខេត្តបាត់ដំបង មានចម្ងល់ថា តើប្រាក់បៀវត្សរ៍ទាំងអស់នោះស្ថិតនៅត្រង់កន្លែងណា? សូមលោកវរសេនីយ៍ទោ វេ គឹមស៊ីម នាយការិយាល័យបុគ្គលិក និងលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនគ្រប់គ្រងធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ប្រាប់ផង។

ជាមួយគ្នានេះដែរ ក្រុមគ្រួសារសពមន្រ្តីនគរបាលជាតិទូទាំងខេត្តបាត់ដំបង ស្នើឱ្យបង្កើតគណៈកម្មការចុះស៊ើបអង្កេតស្រាវ​ជ្រាវក្នុងករណីរឿងនេះ ដើម្បីរកយុត្តិធម៍ដល់ក្រុមគ្រួសារសពទាំងអស់នេះផង។

ជំវិញករណីនេះ អង្គភាព Fast News មិនអាចទាក់ទងនាយការិយាល័យបុគ្គលិក និងលោកឧត្តមសេនីយ៍ត្រី សៅ សាម៉ុន ស្នងការរង និងជាប្រធានផែនគ្រប់គ្រងធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែលរងការចោទប្រកាន់នេះបានទេ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds