សមត្ថកិច្ចកម្ពុជា ចាប់ខ្លួនជនជាតិចិនម៉ាឡេស៊ី៤នាក់ ពាក់ពន្ធបង្ខាំងស្ត្រីថៃ ជំរិតទារប្រាក់
ព្រះសីហនុ ៖ នារីវ័យក្មេងជនជាតិថៃម្នាក់ បន្ទាប់ពីបានចាកចេញពីប្រទេសថៃ តាមយន្ដហោះ ចេញពីប្រទេសថៃ ឆ្ពោះមករកការងារធ្វើ ផ្នែកកាស៊ីណូអនឡាញ (Online Casino) ជាមួយក្រុមជនជាតិចិនម៉ាឡេស៊ី ប៉ុន្តែត្រូវបានក្រុមជនជាតិចិនម៉ាឡេ មានគ្នា៤នាក់ បានចាប់បង្ខាំងទុក ដើម្បីជំរិតទារប្រាក់ពីប្ដី របស់នាង នៅឯស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។
ប៉ុន្តែដោយសារតែប្តី របស់ស្ត្រីរងគ្រោះ រកលុយរំដោះខ្លួនប្រពន្ធ មិនបានទើបសម្រេចចិត្តប្ដឹងប៉ូលិសខេត្តស្រះកែវ ឲ្យជួយអន្ដរាគមន៍មកកាន់ប៉ូលិសខ្មែរ ហើយនៅទីបំផុត ទើបរំដោះខ្លួនស្ត្រីរងគ្រោះ ចេញពីកណ្តាប់ដៃ របស់ជនសង្ស័យ។ ហើយយុទ្ធនាការការនោះ សមត្ថកិច្ចនគរបាលកម្ពុជា ក៏បានចាប់ខ្លួនជនសង្ស័យជាជនជាតិម៉ាឡេស៊ីចំនួន ៤នាក់ផងដែរ។
ក្រោយសមត្ថកិច្ចកម្ពុជា បានជួយរំដោះនារីរងគ្រោះ ឲ្យរួចផុតចេញពីកណ្តាប់ដៃជនល្មើស ដោយសុវត្ថិភាពរួចមក មន្ត្រីស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញ រួមជាមួយនឹងនារីរងគ្រោះ ក៏ដូចជាតម្រួតអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិខ្លងលឹក ស្រុកអារញ្ញប្រាថេត ក៏បានថ្លែងអំណរគុណ ដល់កម្លាំងនគរបាលកម្ពុជា ដែលបានរំដោះនារី ជាជនជាតិថៃម្នាក់ ឲ្យរួចពីការចាប់បង្ខាំងជំរិតទារប្រាក់ពីសំណាក់ជនជាតិម៉ាឡេស៊ីចំនួន៤នាក់ ប្រព្រឹត្តនៅខេត្តព្រះសីហនុ។
សូមរំលឹកថា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ កាសែតក្នុងស្រុក របស់ថៃឈ្មោះ ថៃរ៉ាត់ បានចេញផ្សាយ នូវព័ត៌មានមួយដោយបានលើកសរសើរ ដល់កងកម្លាំងសមត្ថកិច្ចកម្ពុជា ដែលបានសម្រុកចូលរំដោះនារីជនជាតិថៃ ដែលជាស្ត្រីរងគ្រោះ ឲ្យរួចផុតពីការចាប់ជំរិត របស់ជនសង្ស័យជនជាតិចិនម៉ាឡេស៊ី នៅក្នុងទឹកដីខេត្តព្រះសីហនុ ដែលទីតាំងនោះគឺជាកន្លែងបនកាស៊ីណូអនឡាញ។