នគរបាល​ជំនាញ​ពិនិត្យ​ស្រាវជ្រាវ​ ករណី​ជនសង្ស័យ​២​នាក់​លួច​គាស់​ទូរ​ដែក​​លុយ​ជាង​៥​ម៉ឺន​ដុល្លារ​ក្នុង​រោងចក្រ​កាត់ដេរ

(កណ្ដាល)៖នគរបាល​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដកណ្ដាល​ សហការ​ជាមួយ​នគរបាល​ជំនាញ​ក្រុង​តា​ខ្មៅ​ ធ្វើការ​ពិនិត្យ​កន្លែង​កើតហេតុ​ និង​កសាង​សំណុំរឿង​ដើម្បី​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យ​ ក្រោយ​ពី​មាន​ករណី​ជនសង្ស័យ​២​នាក់​ ចូល​លួច​គាស់​ទូរ​ដែក​ យក​លុយ​ជាង​៥​ម៉ឺន​ដុល្លារ​ក្នុង​រោងចក្រ​កាត់ដេរ​ យីហោ​ មួន​ តៃ​ កាលពី​វេលា​ម៉ោង​ ៤​និង​២០​នាទី​ ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ក្នុង​ ភូមិ​ព្រែក​ហូរ​លិច​១​ សង្កាត់​ព្រែក​ហូរ​លិច​១​ ក្រុង​តា​ខ្មៅ​ ខេត្តកណ្តាល​ ។​

​មន្ដ្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​មាន​គ្នា​២​នាក់​ ភេទ​ប្រុស​ មិន​ស្គាល់​អត្តសញ្ញាណ​ អាយុ​ប្រហែល​ ៣០​ឆ្នាំ​ ពាក់មួក​កន្តឹប​ ពណ៌​ស​ ពាក់​ម៉ាស​ ស្លៀកពាក់​ឈុត​ប៉ា​រ៉ា​ (​រត់គេច​ខ្លួន​)​ ។​ ចំណែក​ជន​រង​គ្រោះជា​តំណាង​រោងចក្រ​ ឈ្មោះ​ លឹ​ម​ វិញ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​ដើម​មាក់ក្លឿ​ សង្កាត់​ច្បារ​អំពៅ​១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ មុខរបរ​ ប្រធាន​រដ្ឋបាល​រោងចក្រ​ ។​ ដោយឡែក​ទ្រព្យសម្បត្ដិ​បាត់បង់​មាន​៖​ ប្រាក់​ដុល្លារ​ចំនួន​ ៥០,៥២៣,៤៤​ដុល្លារ​ហស​រដ្ឋ​អា​មេ​រិ​ក​ រីឯ​សម្ភារៈ​ដកហូត​បាន​មាន​៖​ ទូរ​ដែក​ទំហំ​៦០​សង់ទីម៉ែត្រ​ គុណ​៥០​សង់ទីម៉ែត្រ​ចំនួន​១​ អាវយឺត​មនុស្ស​ស្រី​ដៃ​វែង​ចំនួន​១៨​អាវ​ ម៉ា​ឡេ​ត​ចំនួន​១​ និង​ទួ​ណឺ​វី​ស​ចំនួន​ ១​ផង​ដែរ​ ។​

ប្រភព​ដដែល​បន្ដ​ថា​ មុន​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ ដែល​ជា​តំណាង​រោងចក្រ​ និង​ខាង​គណនេយ្យ​ បាន​ទុក​ទូរ​ដែក​នៅ​ក្នុង​បន្ទប់​ ហើយ​បាន​ចាក់​ទ្វារ​បន្ទប់​ត្រឹមត្រូវ​មុន​ចេញ​ទៅ​ផ្ទះ​ ។​ លុះដល់​វេលា​ម៉ោង​ ៥​និង​១០​នាទី​ ពេល​ដែល​ឈ្មោះ​ យូ​ រ៉ា​ន់​ ជា​បុគ្គលិក​ផ្នែក​បើកបរ​ចូល​ទៅ​ស្កែ​ន​មេដៃ​ដើម្បី​បើកឡាន​ដឹក​ភ្ញៀវ​របស់​រោងចក្រ​ ស្រាប់តែ​ឃើញ​ទូរ​ដែក​ ដែល​ទុក​នៅ​ក្នុង​បន្ទប់​គណនេយ្យ​ ចេញ​មក​នៅ​ខាង​មុខ​បន្ទប់​ ដោយ​មាន​ស្នាម​គាស់​ ភ្លាម​នោះ​ គាត់​ក៏​បាន​ដើរទៅ​ហៅ​ជនជាតិ​ចិន​ដែល​ស្នាក់​នៅ​ខាងក្រោយ​អគារ​រោងចក្រ​ឲ្យ​មក​មើល​ និង​បាន​រាយការណ៍​ ជូន​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​ឆែក​មើល​តាម​ រយ​:​ កាមេរ៉ា​សុវត្ថិភាព​ឃើញ​ជនសង្ស័យ​២​នាក់​ដែល​មាន​ភិនភាគ​ដូច​ខាងលើ​ បាន​ផ្លោះ​តាម​របង​រោងចក្រ​ផ្នែក​ខាងជើង​ចូល​ទៅ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​បន្ទប់​អូស​ទូរ​ដែក​ចេញ​មក​មុខ​បន្ទប់​ ហើយ​គាស់​យក​លុយ​ រួច​គេចខ្លួន​បាត់​តែ​ម្តង​ ។​

ករណី​នេះ​ កម្លាំង​នគរបាល​ជំនាញ​បច្ចេកទេស​ខេត្ត​ និង​កម្លាំង​នគរបាល​ជំនាញ​យុត្តិធម៌​ក្រុង​តា​ខ្មៅ​ កំពុង​បន្ត​ធ្វើការ​ស្រាវជ្រាវ​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds