លោក ឈាង វុន, ប្រាប់​ មូលហតុដែលធ្វើឲ្យលោក សម រង្ស៉ី រងភាពអាម៉ាស់នៅ IPU

(ភ្នំពេញ)៖ ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩នេះ បន្ទាប់ពីគណៈប្រតិភូរដ្ឋសភា នៃកម្ពុជា ត្រឡប់មកពីចូលរួមមហាសន្និបាតអន្តរសភាវិញ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋសភា បានអះអាងថា លោក សម រង្ស៉ី មេចលនាឧទ្ទាមខុសច្បាប់ បានទទួលរងនូវភាពអាម៉ាស់ដ៏ធំបំផុត នៅឯមហាសន្និបាតអន្តរសភា (IPU) លើកទី១៤១ ក្នុងទីក្រុងប៊ែលក្រាត ប្រទេសស៊ែប៊ី។

លោក ឈាង វុន, ថា មូលហតុដែលធ្វើឲ្យលោក សម រង្ស៉ី រងភាពអាម៉ាស់នៅ IPU ដោយសារតែគាត់បានបន្លំខ្លួនចុះឈ្មោះ ធ្វើជាសមាជិក IPU ដើម្បីឡើងថ្លែងសុន្ទរកថា។ ទោះបីជាយ៉ាងណា សភាស្របច្បាប់របស់កម្ពុជា បានតវ៉ាទៅ IPU បន្ទាប់មកខាង IPU បានទទួលយកសំណើរបស់សភាកម្ពុជា និងបានលុបឈ្មោះ លោក សម រង្ស៉ី ដោយមិនអនុញ្ញាតឲ្យឡើងសុន្ទរកថាឡើយ។

«យើងមានបញ្ហាមួយដែលពួកឧទ្ទាមក្រៅច្បាប់ក្បត់ជាតិ គាត់ទៅបន្លំយកអង្គការរបស់យើងមិនដឹង គាត់យកចង់ទៅចុះឈ្មោះនិយាយ ក៏ប៉ុន្តែបានគ្នាយើងបកអាក្រាត ហើយយើងបានស្នើទៅ IPU ដកឈ្មោះគាត់ចេញកុំឲ្យនិយាយ។ អញ្ចឹងហើយក៏ខាង IPU គេយល់ គេស្តាប់សម្លេងរបស់យើង គេទទួលយកសំណូមពររបស់យើង»។ នេះជាការបញ្ជាក់លោកឈាង វុន ។

លោក បានឲ្យដឹងទៀតថា ទោះបីជា លោក សម រង្ស៉ី ត្រូវបានលុបឈ្មោះមិនឲ្យឡើងថ្លែងសុន្ទរកថា ក៏ដោយ ជនឧទ្ទាមរូបនេះ នៅតែធ្វើសកម្មភាពផ្តេសផ្តាស នៅតែចង់បោកប្រាស់ប្រជាពលរដ្ឋកម្ពុជា។ សកម្មភាពផ្តេសផ្តាសគឺ លោក សម រង្ស៉ី បានទៅថតរូបជាវីដេអូខ្លីបតូចមួយ នៅខាងក្រៅសាល សន្និបាតអន្តរសភា ពោលនៅក្នុងបន្ទប់គេសម្រាប់ជួបគ្នា ដើម្បីជជែកលេង ដើម្បីបោកប្រាស់ប្រជាពលរដ្ឋកម្ពុជាថា អន្តរជាតិបានស្វាគមន៍គាត់។

លោក ឈាង វុន បានបញ្ជាក់ទៀតថា «គាត់ហៅពួកគ្នាគាត់ឲ្យទៅចូលរួម ប៉ុន្តែព័ត៌មានយើងទទួលបាន សូម្បីតែគ្នាគាត់ហ្នឹងក៏បោះបង់ចោលគាត់ច្រើនដែរ មានតែសមាជិកសភាបួននាក់ទេ ទៅអង្គុយស្តាប់គាត់។ នេះជាភាសអាម៉ាស់ធំមួយរបស់គាត់ ក៏ប៉ុន្តែក៏ជាជោគជ័យរបស់យើងដែរ បើនិយាយឲ្យចំ ព្រោះថាបើតាមការវាយតម្លៃ គាត់ចង់យកវេទិកា IPU នេះ បង្ហាញឲ្យគេឃើញថា នៅខាងក្រៅគេទទួលស្គាល់ គេអបអរសាទរគាត់ គេចង់ឲ្យគាត់មកខ្មែរជាមួយគាត់ យកការចូលរួមជាមួយគាត់ គាំទ្រគាត់ យកមកឃោសនាអូសទាញ បោកប្រាស់ប្រជាពលរដ្ឋរបស់យើង ក៏ប៉ុន្តែយើងបានបកអាក្រាតហើយ ហើយក៏ជាភាសអាម៉ាស់ របស់គាត់មួយដ៏ធំធេងណាស់»

លោក ឈាង វុន ក៏បានបង្ហាញមោទកភាព ដែលកម្ពុជាទទួលបានជោគជ័យ ក្នុងការចូលរួមមហាសន្និបាតអន្តរសភា លើកទី១៤១នេះ ដោយថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា គឺស្របច្បាប់ ហើយសភារបស់កម្ពុជា គឺស្របច្បាប់។ លោកប្រៀបធៀបថា ពេលអ្នកស្របច្បាប់ ចេញទៅខាងក្រៅគេទទួលផ្សេង ហើយអ្នកដែលមិនស្របច្បាប់ អ្នកដែលជាជនឧទ្ទាមគេទទួលបែបផ្សេង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds