អ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា ៖ តំណាងរាស្រ្ត សេរីនិយមអន្តជាតិ ១២បក្ស គាំទ្រ សម រង្ស៊ី មកវិញ គ្មានឥទ្ធិពលលើកម្ពុជា
ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍គាំទ្រ ដំណើរមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុនខ របស់តំណាងរាស្រ្តសេរីនិយម អន្តជាតិចំនួន១២គណបក្ស ជាសេចក្ដីថ្លែងការណ៍ នយោបាយកាន់ជើងគ្នា ទៅវិញទៅមក របស់ពួកគេប៉ុណ្ណោះ ដោយគ្មានឥទ្ធិពល អ្វីពាក់ព័ន្ធជាមួយកម្ពុជាឡើយ ។ នេះបើយោងតាមអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន ។
លោក ផៃ ស៊ីផាន បានប្រាប់កាសែតក្នុងស្រុកនៅថ្ងៃ១៨ តុលាថា “ហ្នឹងជាសេចក្ដីថ្លែងការណ៍នយោបាយ ដើម្បីគាំទ្រគ្នាទៅវិញទៅមក ហើយអ្នកទាំងអស់នោះ គ្មានឥទ្ធិពលគ្មានអ្វីដែលពាក់ព័ន្ធជាមួយកម្ពុជាទេ” ។
កាថ្លែងបែបនេះ បន្ទាប់ពីគណៈនយោបាយសេរីនិយមអន្តជាតិចំនួន១២ នៃចលនាសេរីនិយមអន្តរជាតិ ឬ Liberal International បានចេញសេចក្តីថ្លែងការណ៍គាំទ្រ ដំណើរមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី។ ក្នុងនាមជាអ្នកសេរីនិយម និងជាអ្នកគាំទ្រប្រជាធិបតេយ្យ ពួកគាត់អំពាវនាវឲ្យសម្តេចតេជោ ហ៊ុន សែន ចុះចេញពីតំណែង និងធ្វើយ៉ាងណាសម្រួលឲ្យលោក សម រង្ស៊ី និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដទៃទៀត អាចធ្វើដំណើរវិល ត្រឡប់មកកម្ពុជា វិញដោយសុវត្ថិភាព។
ជាងនេះទៅទៀត បណ្តុំគណបក្សនយោបាយអន្តរជាតិទាំង១២ ក៏បានស្នើសម្តេចតេជោ ហ៊ុន សែន គោរពឆន្ទៈប្រជាពលរដ្ឋខ្មែរដែលចង់បានប្រជាធិបតេយ្យ។ ចលនាសេរីនិយមអន្តរជាតិបានបញ្ជាក់ជំហរថា នឹងជួយរកមេធាវីអន្តរជាតិ ដើម្បីប្តឹងសម្តេចតេជោដែលគំរាមកំហែងអាយុជីវិតលោក សម រង្ស៊ី ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC)។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
អ្នកនាំពាក្យបញ្ជាក់ថា ការគ្មានឥទ្ធិពលដោយសារតែកម្ពុជា តែងតែធ្វើការជាមួយសភាអន្តរជាតិ(IPU) មិនមែនធ្វើការជាមួយពួកគេនោះទេ។ លោកថា កន្លងមកលោក សម រង្ស៊ី បានយកឈ្មោះរបស់ IPU ដើម្បីប្រើប្រាស់ធ្វើវេទិកានានា នៅតាមបណ្ដាប្រទេសលើសកលលោក ប៉ុន្តែ IPU បានដឹងលឺ ក៏បណ្តេញចេញផងដែរ ៕
អត្ថបទ៖ សុខ លាភ