បើករថយន្តហាយឡិនឌ័រ ជាន់ហ្វ្រាំងច្រឡំជាន់ហ្គា បុកតូបលក់បបរស បុកម៉ូតូ២គ្រឿង
ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយរថយន្តហាយឡិនឌ័រ បានបើកចូលទិញបបរស ត្រង់ចំណុចមុខផ្ទះលេខ៦៣Eo លើចិញ្ចើមផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា នៅវេលាម៉ោង២០និង៥នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ បង្កឲ្យមានអ្នករងរបួស ។
លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករាបានឲ្យដឹងថា រថយន្តបង្កម៉ាក ហាយឡិនឌ័រ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AT6127 បើកបរដោយជនមិនស្គាល់ឈ្មោះ និងអាសយដ្ឋាន ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរណ៍រួច បានគេចខ្លួនបាត់តែម្តង ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។
លោកអធិការបានឲ្យដឹងទៀតថា រថយន្តហាយឡិនឌ័រនោះ បានចូលទិញបបរស ហើយជាន់ហ្វ្រាំងច្រឡំជាន់ហ្គា ក៏ជ្រុលទៅបុកម៉ូតូ២គ្រឿងបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួស តែមិនទាន់ដឹងថា ពួកគាត់ទៅសំរាកព្យាបាលនៅមន្ទីរពេទ្យណាទេ។
ចំពោះករណីខាងលើនេះ ខាងសមត្ថកិច្ចរបស់លោក បានសហការប្រគល់ជូនទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោគ ធ្វើការងារស្រាវជ្រាវបន្តតាមនីវិពិធីច្បាប់៕
អត្ថបទ៖ សុខ លាភ