ឈើគ្រញូងប្រមាណ៣តោន បំរុងឆ្លងដែនមកខ្មែរ ត្រូវអជ្ញាធរថៃចាប់បាន
បន្ទាយមានជ័យ៖ ឈើគ្រញូងប្រមាណ៣តោនម៉ូតូ១២គ្រឿងនិងត្រាក់ទ័រ១គ្រឿងរបស់ឈ្មួញជនជាតិថៃ បម្រុងនាំឆ្លងដែនចូលមកទឹកដីកម្ពុជាខុសច្បាប់តាមច្រករបៀងត្រូវបានសមត្ថកិច្ចថៃចុះប្រតិបត្តិការបង្រ្កាបកាលពីថ្ងៃចុងសប្តាហ៍កន្លងទៅថ្មីៗនេះ គ្រាដែលឈើគ្រញូង ម៉ូតូរួមនិង ត្រាក់ទ័រ ទាំងនោះបានយកមកស្តុកទុកក្នុងឃ្លាំងមួយកន្លែងជាប់ព្រំដែនថៃ-កម្ពុជា ក្នុងភូមិណឺនសំបួរ ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។
បើយោងតាមការដកស្រង់ពីកាសែតថៃឱ្យដឹងថា ម្ចាស់ទីតាំងស្តុកឈើគ្រញូង ម៉ូតូ និងត្រាក់ទ័រខាងលើ ត្រូវបានគេស្គាល់ឈ្មោះ សង់ហាន ប៊ីយូឌី ដែលជាឈ្មួញថៃ មានទំនាក់ ទំនងរកស៊ីអំពើល្មើសច្បាប់ឆ្លងដែនជាមួយឈ្មួញខ្មែរ ។ក្នុងប្រតិបត្តិការ សមត្ថកិច្ចថៃមិន បានឃាត់ខ្លួនឈ្មួញជនជាតិថៃឈ្មោះសង់ហាន ប៊ីយូឌី នោះទេ ដោយរត់គេចខ្លួនបាត់ ។ សមត្ថកិច្ចថៃឃាត់ខ្លួនកម្មករ ជនជាតិថៃ២នាក់និងរថយន្ត១គ្រឿង ឈើគ្រញូងប្រមាណ៣ តោន ម៉ូតូ១២គ្រឿង ក្នុងនោះ ម៉ូតូម៉ាកហុដាPCX ៩គ្រឿង ម៉ូតូម៉ាកហុងដាCLICK២គ្រឿង និងម៉ូតូម៉ាកហុងដាSCOOPY ១គ្រឿង។
បើយោងតាមការដកស្រង់ចេញពីកាសែតថៃឱ្យដឹងទៀតថា ឈើគ្រញូង ម៉ូតូ និងត្រាក់ទ័រខាងលើ បម្រុងនាំឆ្លងដែនចូលកម្ពុជា តាមច្រករបៀង រវាងចន្លោះ ចំការគរនិងបឹងត្រកួន ក្នុងភូមិសាស្រ្តស្រុកស្វាយចេក និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៕
អត្ថបទ៖ សុខ លាភ