អជ្ញាធរចុះបង្ក្រាបទីតាំងបើកលេងល្បែងស៊ីសងនៅក្បែរផ្សារកណ្តាល
ភ្នំពេញ៖ ទីតាំងលួចបើកល្បែងភ្នាល់Liveផ្ទាល់ចេញពីកាស៊ីណូដ៏ធំមួយកន្លែង ស្ថិតនៅក្បែរ ផ្សារកណ្តាល ដែលល្បីអាងខ្នងបង្អែកខ្សែត្រូវបានរដ្ឋបាលខណ្ឌដូនពេញចុះបង្ក្រាបយ៉ាងទាន់ហន់បំផុតនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩។
ទីតាំងលួចបើកលេងល្បែងស៊ីសងដ៏ធំមួយនេះ ស្ថិតនៅក្បែរផ្សារកណ្តាល(អាគារថ្ម) ទល់មុខវត្តឧណ្ណាលោម ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញរាជធានីភ្នំពេញ។
លោកនាយនគរបាលប៉ុសិ៍រដ្ឋបាលផ្សារកណ្តាលទី១ បានឲ្យដឹងដែរថា ទីតាំងនេះត្រូវបានសមត្ថកិច្ចរបស់លោកសហការនិងខាងសាលាសង្កាត់ចុះត្រួតពិនិត្យ និងបានតម្រូវឲ្យមេការ និងម្ចាស់ទីតាំងធ្វើកិច្ចសន្យាម្តងជាពីរដងរួចមកហើយ។ តែមិនដឹងថា គេនៅលួចបើកលេងល្បែងភ្នាល់ទៀតទេ។ លោកថា ម្ចាស់ទីតាំងនេះអាងខ្នងបង្អែកគ្រាន់បើដែរ ហេតុដូច្នេះហើយ ធ្វើឲ្យរូបលោកគ្មានសមត្ថភាពនិងចុះបង្ក្រាបបាននោះទេ ទាល់តែថ្នាកលើ។
លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញក៏បានប្រាប់ថា ក្រោយពីទទួលបញ្ជាផ្ទាល់ពីឯកឧត្តមអភិបាលរាជធានី លោកបានបញ្ជាឲ្យលោកអភិបាលរងខណ្ឌមួយរូប និងលោកនាយរដ្ឋបាលខណ្ឌដឹកនាំកម្លាំងចុះបង្ក្រាបជាបន្ទាន់។ លោកថា ក្នុងនោះកម្លាំងលោកបានដក ហូតវត្ថុតាងមួយចំនួនធំ តែមនុស្សបានដឹងខ្លួនទាន់។ លោកថា ចំពោះអ្នកណាអាងខ្នងបង្អែក អ្វីនោះ គឺលោកអត់ដឹងនោះទេ។ ឲ្យតែខុសច្បាប់ត្រូវតែបង្ក្រាប និងចាប់ខ្លួន។
លោក សុខ ពេញវុធ ត្រូវបានអាជីវករសាទរផងដែរ ខណៈដែលរូបលោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត ចំពោះអ្នកដែលញៀនកត់កន្ទុយលេខនៅក្នុងផ្សារកណ្តាល។ លោកអភិបាល ខណ្ឌដូនពេញរូបនេះបានឲ្យដឹងថា លោកមិនអនុញ្ញាតឲ្យមានល្បែងស៊ីសងណាមួយនៅក្នុង មូលដ្ឋានរបស់លោកយ៉ាងងាយៗនោះទេ ហើយបើមានអ្នកណាកត់កន្ទុយលេខក្នុងផ្សារកណ្តាលបន្តទៀតនោះ លោកនឹងចាប់ខ្លួនចាត់ការតាមច្បាប់៕
អត្ថបទ៖ សុខ លាភ