មិនធម្មតា សម្លៀកបំពាក់ឆ្នៃម៉ូតដោយកូនខ្មែរយើង ត្រូវបាននាំយកទៅដើរម៉ូតបង្ហាញដល់ក្រៅប្រទេសក្នុងកម្មវិធី Brussels Fashion days នៅប្រទេស បែលហ្ស៊ិក
កាលពីពេលថ្មីៗនេះអ្នកច្នៃម៉ូតមកពីកម្ពុជា បាននាំយកសំលៀកបំពាក់ទៅបង្ហាញនៅក្នុងកម្មវិធីដើរម៉ូត Brussels Fashion days ប្រទេស បែលហ្ស៊ិក កាលពីរាត្រីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។ យោងតាមការបង្ហោះរបស់កូនស្រីអ្នកនាង ម៉ម សុម៉ាលី ឈ្មោះ Adana Mam Legros បានឲ្យដឹងថា រូបគំនូររបស់ខ្លួនត្រូវបានដាក់ក្នុងសម្លៀកបំពាក់ របស់អ្នកច្នៃម៉ូតខ្មែរ Eriya Miura នៅឯពិធីបុណ្យដ៏ធំមួយនៅព្រុចសែល ហើយម៉ូតសម្លៀកបំពាក់នីមួយៗនិយាយអំពីមរតកនិងអត្តសញ្ញាណខ្មែរ។
ដោយកញ្ញា Adana Mam Legros បានសរសេររៀបរាប់ថា៖ “គំនូររបស់ខ្ញុំគឺបានដេរនៅលើសំពត់នេះដោយសិល្បករ Eriya Miura និង Kaliane Tea នេះគឺជាការរចនារបស់ពួកគេ ពួកគេបាននាំវប្បធម៌របស់យើងទៅអឺរ៉ុប នៅក្នុងកម្មវិធីបង្ហាញម៉ូតធំបំផុតនៅលើពិភពលោក។ សូមជួយshare និង like ប្រសិនបើបងប្អូនមានមោទនភាពនៃវប្បធម៌របស់ប្រទេសយើងនិងស្នាដៃដ៏ស្រស់ស្អាតរបស់វិចិត្រករ។ ខ្ញុំស្នើសុំឱ្យអ្នកយកព័ត៌មានជួយចែករំលែកព័ត៌មាននេះពីព្រោះយើងត្រូវជួយសិល្បករខ្មែរនៅក្នុងប្រទេសរបស់យើង និងនៅលើពិភពលោក។ កុំភ្លេចថាវប្បធម៌របស់យើងបង្កើតពីសិល្បៈ គំនូររបស់ខ្ញុំបោះពុម្ពនិងដេរនៅលើសំពត់ design របស់ Eriya Miura និង Kaliane Tea មានមោទនភាព!”៕ រូបភាព៖ Balazs Maar/Adana Mam Legros