អាជ្ញាធរខេត្តព្រះសីហនុ ចេញសេចក្តីបំភ្លឺព័ត៌មាន ករណីជនជាតិចិន ដេញវ៉ៃគ្នា ជិតរង្វង់មូលតោពីរ
យោងតាមផេក រដ្ឋបាលខេត្តព្រះសីហនុ បានបង្ហោះ នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩នេះ ទាំងស្រុងថា « ការបំភ្លឺព័ត៌មានករណីជនជាតិចិន ដេញវ៉ៃគ្នា នៅតាមបណ្តាយផ្លូវឯករាជ្យ ជិតរង្វង់មូលតោពីរ ដែលបង្ហោះតាមបណ្តាញព័ត៌មានសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។
តាមពិតករណីនេះកើតឡើង នៅវេលាម៉ោង ៤រសៀល ថ្ងៃច័ន្ទ ទី១៤ ខែតុលា ឆ្នាំ២០១៩ នៅតាមផ្លូវឯករាជ្យ នៅមុខសាលាកម្មករ ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ដើមរឿងដំបូង ផ្តើមចេញពីការស្ទះចរាចរ ហើយភាគីអ្នកបើកឡានស្តារិច បើកបរដោយបុគ្គលិកកាសុីណូ វ៉ាង ឆាវ បានបើកឡានស្តារិចរុលៗ ទៅមុខពេលផ្លូវកំពុងស្ទះ ក៏បានជ្រុលទៅប៉ះឡានហាយឡែនឌឺ របស់បុគ្គលិកកាសុីណូជីងបុី បណ្តាលឲ្យរបកថ្នាំបន្តិចបន្តួច។
បន្ទាប់មកភាគីម្ចាស់ឡានទាំងពីរ ក៏បើកកញ្ចក់ឡានស្រែកដាក់គ្នាទៅវិញទៅមក ក៏បង្កឲ្យមានហឹង្សាដេញវ៉ៃតប់គ្នាទៅវិញទៅមក។
ក្រោយកើតហេតុ អ្នកគ្រប់គ្រងកាសុីណូទាំងពីរ បានចេញមកសម្របសម្រួលឲ្យភាគីទាំងពីរបញ្ចប់រឿង និងបាននាំគ្នាទៅប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ដើម្បីធ្វើកំណត់ហេតុបញ្ចប់រឿង ដោយភាគីខាងកាសុីណូ វ៉ាង ឆាវ បានសងភាគីបុគ្គលិកកាសុីណូ ជិន បុី ចំនួន ២.០០០$ ដើម្បីព្យាបាលរបួស និងការខូចខាតឡាន៕