ជនសង្ស័យវ័យក្មេង២នាក់ ឆក់ទូរស័ព្ទជនជាតិបរទេសនៅខណ្ឌចំការមនមិនបានសម្រេច
(ភ្នំពេញ)៖ សមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌចំការមនបានធ្វើការចុះល្បាតក្នុងភូមិសាស្ត្រនៅទឹកដី ខណ្ឌចំការមនឃាត់ខ្លួនយុវជន២នាក់ក្រោយធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិបរទេសមិនបានសំរេច ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣ និង៥០ នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ១៥ខែតុលាឆ្នាំ ២០១៩ ស្ថិតនៅសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន៖ ទី១-ឈ្មោះថង ប៊ុនថាក់ អាយុ១៦ ឆ្នាំស្នាក់នៅផ្ទះជួលសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យទោះ និងទី២-ឈ្មោះរស់ សុវណ្ណចាស់លីន អាយុ១៥ ឆ្នាំស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ យុវជនទាំង២នាក់មុខរបជាអ្នករត់តុនៅហាងមួយកន្លែង។
បើតាមសំដីសមត្ថកិច្ចខណ្ឌចំការមនបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចខណ្ឌចំការមនបានចុះល្បាតក្នុងភូមិសាស្ត្រនៅតាមផ្លូវរដ្ឋសភាសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ក៏ឃើញយុវជន២ នាក់ជិះម៉ូតូម៉ាក SUZUKI NEX2 ពណ៍ក្រហម ពាក់ស្លាកលេខភ្នំពេញ 1HV-7584 គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិបរទេសតែមិនបានសម្រេច ក៏សមត្ថកិច្ចធ្វើការដេញតាមឃាត់ខ្លួនបាននៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានយកមកសួរនាំនៅអធិការដ្ឋានខណ្ឌចំការមន។
នៅចំពោះមុខសមត្ថកិច្ចយុវជនទាំង២នាក់បានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទជនជាតិប្រទេសពិតប្រាកដមែនដោយសារតែរូបគេធ្វើការនៅហាងមួយកន្លែង ក៏ធ្វើឲ្យទូរស័ព្ទរបស់ភ្ញៀវធ្លាក់បែកដោយគ្មានលុយចេញថ្លៃជួសជុលព្រោះទូរសព្ទថ្លៃពេក រួចមកត្រូវម្ចាស់ហាងចេញថ្លៃជួសជុលឲ្យហើយ ក៏គ្មានលុយសងទៅម្ចាស់ហាង ទើបរូបគេបានសុំច្បាប់មួយថ្ងៃនិងបានចេញមកជិះម៉ូតូធ្វើសកម្មភាពឆក់ទូរស័ព្ទដើម្បីយកទៅលក់ ដើម្បីយកលុយមកសងម្ចាស់កហាងវិញ។
បច្ចុប្បន្នយុវជនទាំង២ នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមតិវិធី ៕