លោក ថោង សូលីម៉ូ៖ កងទ័ពត្រូវប្រឆាំងដាច់ខាតរាល់សកម្មភាពដែលប៉ះពាល់ដល់សន្តិភាព និងសុខដុមរបស់ពលរដ្ឋ
(ភ្នំពេញ)៖ នាយករងទីចាត់ការឃោសនាព័ត៌មាន អគ្គបញ្ជាការ លោក ថោង សូលីម៉ូ ថា សន្តិភាពដែលទទួលបានដោយការលំបាកនេះ ផ្តើមចេញពីការធ្វើពលិកម្មច្រើន ណាស់ ទាំងអាយុជីវិត ធនធាន និងពេលវេលា។ ក្នុងនាមជាកងយោធពលខេមរភូមិន្ទ ត្រូវតែរក្សាការពារឱ្យបានសុខសន្តិភាព និងប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយ ដែលធ្វើឱ្យ ប៉ះពាល់ដល់សុខសន្តិភាព ស្ថេរភាពសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋ។
ថ្លែងនៅក្នុងឱកាសធ្វើបទឧទ្ទេសនាមផ្សព្វផ្សាយ អប់រំចិត្តសាស្រ្ត ឆមាសទី៣ ស្ដីពីសភាពការណ៍ថ្មីៗជាតិ និងអន្តរជាតិ ព្រមទាំងប្រារព្ធខួប ៤២ឆ្នាំ ទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ១៩៧៩) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩នេះ លោក ថោង សូលីម៉ូ បានធ្វើការប្រកាសថ្កោលទោស ចំពោះជនអគតិទណ្ឌិត សម រង្សី ដែលបានធ្វើការវាយប្រហារ និងប្រមាថចំពោះអង្គព្រះមហាក្សត្រ ម្តងហើយម្តងទៀត ដោយមិនដឹងខ្លួនឯង មានទោសជាប់ខ្លួនរាប់មិនអស់។
លោកក៏បានណែនាំអំពីទំព័រប្រវត្តិសាស្ត្រ បានចារិកទុកឱ្យមនុស្សជាតិទូរទៅ ពិសេសប្រជាជនកម្ពុជា បានស្គាល់ និងឆ្លងកាត់នូវរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបឃោឃៅព្រៃផ្សៃបំផុត គ្មានពីរលើពិភពលោក។ ផ្តើមចេញពីការលំបាក ដែលរៀបរាប់មិនអស់ និងគ្រោះមហន្តរាយចំពោះប្រទេសជាតិ និងប្រជាជនកម្ពុជា ដោយសារមានសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តរួមអាវុធ ៤នាក់ទៀត បានយកអាយុជីវិត ធ្វើជាដើមទុនស្វែងរកការរំដោះជាតិ និងប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។
លោកបន្តទៀតថា ផ្តើមចេញពីថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ នេះហើយ ប្រជាជនកម្ពុជា មានកំណើតជាថ្មី និងមានសិទ្ធសេរីភាពគ្រប់បែបយ៉ាង ក្នុងការការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ក្នុងសុខសន្តិភាព ដែលក្នុងរយៈពេល៥០០ឆ្នាំមកហើយ កម្ពុជា ពុំដែលទទួលបានសុខសន្តិភាពឡើយ៕
អត្ថបទ៖ សុខ លាភ