ពិតជាឃោឃៅមែន !! គ្រាន់តែរឿង តូចតាចសោះតាមសម្លាប់គ្នាដែល ……!!!!

 

 

 

ខេត្តកំពង់ចាម ៖ ជនសង្ស័យ​ពុំ​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម បាន​ជិះ​ម៉ូតូ​ដេញ​​តាម​បាញ់​បុរស​២​នាក់ បណ្តាល​ឲ្យ​រង​របួស​ទាំង​២​នាក់ ក្រោយមក​បុរស​ជា​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់ ។ ក្រោយ​ពេល​បាញ់ប្រហារ​រួច ជនសង្ស័យ​បានរត់​​គេចខ្លួន​បាត់​។

ហេតុ​ការ​ណ៍​ខាងលើ​នេះ​បានបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាល​វេលា​ម៉ោង​១២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ២០១៩ ត្រង់​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​គ្រួសារ ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ​ប៊ុ​ន លាង ភេទ​ប្រុស រស់នៅ​ភូមិ​គ​គរ​ទី​១ ឃុំ​គគីរ ស្រុក​កំពង់សៀម ជា​អ្នក​រួម​ដំណើរ បាន​ស្លាប់ ចំណែក​ម្នាក់​ទៀត​ដែល​រង​របួសធ្ងន់​ឈ្មោះ ឆុ​ន ចិន្តា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​គ​គរ​ទី​១ ឃុំ​គគីរ ស្រុក​កំពង់សៀម ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ ភ្នំពេញ ១GS-៧៦៤០ ។

ចំណែក​ជនសង្ស័យ​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ​មមើ ពណ៌​ក្រហម ។

តាម​ប្រភព​ពី​សាក្សី​នៅ​ម្តុំ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​កើតហេតុ ដំបូង​គេ​បានឮ​សូរ​សំឡេង​គេ​បាញ់កាំភ្លើង​ប្រហែល​ចំនួន​៣​គ្រាប់ ត្រង់​ចំណុច​រង្វង់​មូល​នាង​គ​ង្ហី​ង បន្ទាប់​មក​គេ​ឃើញ​ម៉ូតូ​ចំនួន​២​គ្រឿង​បាន​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ក្នុង​ល្បឿន​លឿន​ទៀត​ផង ហើយ​ពេល​ដែល​ម៉ូតូ​ទាំង​២​គ្រឿង​បើកបរ​បាន​ប្រហែល​ជាង​២០០​ម៉ែត្រ ស្រាប់តែ​គេ​ឮ​សំឡេង​ផ្ទុះអាវុធ​ចំនួន​៣​គ្រាប់​ទៀត បណ្តាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​បាន​ដួល ហើយ​ខ្មាន់កាំភ្លើង​បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​គេចខ្លួន​បាត់ ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​កើតហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​បើកទ្វារ​ផ្ទះ​ចេញ​មក​មើល ហើយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វាលវង់​ក៏ ប្រញាប់​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​មាន​ម្លាំ​ង​សមត្ថកិច្ច​កាន់តែ​ច្រើន​ឡើង ហើយ​បាន​ប្រញាប់​ដឹក​បុរស​រង​គ្រោះ​ទាំង​២​នាក់​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១ មេ​សា នគរបាល​ក្រុង​កំពង់ចាម​បាន​បើក​ការ​ស៊ើបអង្កេត​ជា​បន្ត​ទៀត និង​ចុះ​មក​សួរនាំ​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ ដើម្បី​ឈាន​ទៅ​កំណត់​មុខសញ្ញា​ជនសង្ស័យ​ដែល​ជា​អ្នក​បាញ់ប្រហារ ។

តាម​ប្រភព​ពី​អ្នកស្រី ស៊ន់ ចាន់​ណា អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​គ​គរ​ទី​១ ឃុំ​គ​គរ ស្រុក​កំពង់សៀម ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​ដែល​ស្លាប់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ប្តី​របស់​គាត់​ឈ្មោះប៊ុ​ន​លាង បាន​ចេញពីផ្ទះ​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​៣០​មីនា ២០១៩ ដោយ​ទៅ​ផឹកស៊ី​នៅផ្ទះ​ឈ្មោះ​យ៉េ ដែល​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា បន្ទាប់​មក​បាន​បន្ត​មក​ផឹក​នៅផ្ទះ​ឈ្មោះ​រី​ដា នៅ​ជិត​ផ្ទះ​ទៀត​រហូត​ដល់​ជិត​កណ្តាល​អា​ធ្រា​ត្រ​មិន​បាន​មក​ចូល​ផ្ទះ​ដេក​ទេ ដោយ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ជាមួយនឹង​ឈ្មោះ​ចិន្តា មក​កាន់​ក្រុង​កំពង់ចាម ។

ប្រភព​ដដែល​បាន​បន្ត​ថា ស្រាប់តែ​ដល់​វេលា​កើតហេតុ មាន​គេ​ទូរស័ព្ទ​មក​ប្រាប់​គាត់​ថា ប្តី​ត្រូវ​បាន​គេ​បាញ់​បណ្តាល​ឱ្យ​រង​របួស ត្រង់​ម្តុំ​រង្វង់​មូល​នាង​គ​ង្គី​ង ឮ​ដូច្នេះ​គាត់​ក៏​ប្រញាប់​ចេញ​ទៅ​មើល​នៅ​កន្លែង​កើតហេតុ ក៏​ឃើញ​ប្តី​ត្រូវ​របួស​មែន លុះ​បាន​បន្តិច​ក៏​មាន​រថយន្ត​សង្គ្រោះ​មក​ដឹក ហើយ​គាត់​ក៏​បាន​ឡើង​ជិះ​ជាមួយ​ទៅ​មន្ទីរពេទ្យ​ខេត្ត ពេល​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​មិន​ហ៊ាន​មើល​ទេ ព្រោះ​ប្តី​របស់​គាត់​ត្រូវ​របួស​ធ្ងន់ធ្ងរ​ពេក ក៏​បាន​ដឹក​តាម​រថយន្ត​សា​មុ​យ​យក​ទៅ​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត រាជធានី​ភ្នំពេញ រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​ជាង​៩​ព្រឹក​ថ្ងៃ​ទី​៣១ មីនា ប្តី​របស់​គាត់​បាន​ស្លាប់ ដោយ​គ្រូពេទ្យ​មិន​អាច​សង្គ្រោះ​បាន ព្រោះ​គ្រាប់កាំភ្លើង​បាន​បាញ់​ត្រូវ​ថ្លើម និង​គ្រឿងក្នុង​ជា​ច្រើន​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្នុង​ពេល​ចេញ​ទៅ​ផឹកស៊ី​នោះ ប្តី​របស់​គាត់​មិន​បាន​ឈ្លោះ ឬ​មាន​ទំនាស់​ពាក្យ​សំដី​ជាមួយនឹង​អ្នក​ណា​ម្នាក់​នោះ​ទេ បើ​ផឹក​ស្រវឹង​គឺ​មាន​គេ​ដឹក​មក​ផ្ទះ ហើយ​ក៏​មិន​ដែល​រករឿង​ប្រពន្ធ​កូន​ដែរ ។ គាត់​និង​ប្តី​មិន​ដែល​ទំនាស់​ម្តងណា​ទេ ចាប់តាំងពី​ពេល​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ​រហូត​មានកូន​ស្រី​ចំនួន​២​នាក់ ម្យ៉ាងទៀត បើ​ប្តី​របស់​គាត់​ផឹក​ស្រវឹង​នៅ​ពេល​យប់​មក​ដល់​ផ្ទះ​គឺ​ស​ង្ងំ​ដេក​ហើយ ។ ចំពោះ​ករណី​ដែល​ប្តី​របស់​គាត់​ត្រូវ​បាន​គេ​បាញ់ប្រហារ​ត្រូវ​ក្រោម​ក្លៀក​ខាងស្តាំ គឺ​គ្រូពេទ្យ​បាន​វះកាត់​រក​ក្បាល​គ្រាប់​មិនឃើញ​នោះ​ទេ ហើយ​ករណី​នេះ​គាត់​សូម​ឲ្យ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ មេ​តា្ត​ស្រាវជ្រាវ​តាម​វែកមុខ​ឃាតករ ដើម្បី​នាំ​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់ និង​សង​សំណង​។

តាម​ប្រភព​ពី​ជន​រង​គ្រោះ​ឈ្មោះ ឆុ​ន ចិន្តា ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​ផឹកស៊ី​នៅ​ក្នុងភូមិ​រួច​ហើយ គាត់​បាន​ឌុ​ប​ឈ្មោះ ប៊ុ​ន លាង ក្នុង​គោលបំណង​មក​ហូប​បបរស​នៅ​ក្បាលស្ពាន​គី​ហ្ស៊ុ​ណា ក្រុង​កំពង់ចាម តែ​នៅ​ពេល​ដែល​ម៉ូតូ​របស់​គេ​បាន​ជិះ​មក​ដល់​ត្រង់​រង្វង់​មូល​នាង​គ​ង្ហី​ង ក្នុង​ទិស​ដៅ​ពី​ត្បូង​មក​ជើង ស្រាប់តែ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហ្សូ​មមើ ពណ៌​ក្រហម​១​គ្រឿង ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ផង​ដែរ ។

ប្រភព​ដដែល​បាន​បន្ត​ថា ពេល​នោះ​គាត់​បាន​បន្ថែម​ល្បឿន​វ៉ា​ទៅ​មុខ​បាន​ប្រហែល​១០​ម៉ែត្រ ស្រាប់តែ​បុរស​ដែល​បើកបរ​ម៉ូតូ​ម៉ាក​ហ្សូ​មមើ​នោះ​បាញ់ប្រហារ​មក​លើ​ពួក​គាត់​ចំនួន​៣​គ្រាប់ ដោយ​មិនដឹង​ថា​ត្រូវ​នោះ​ទេ ហើយ​គាត់​ក៏​ប្រឹង​បើកបរ​ម៉ូតូ​មក​មុខ​ទៀត ក៏​ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​តាម​បាញ់​ចំនួន​២​គ្រាប់​ទៀត​សរុប​បាញ់​៥​គ្រាប់ ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ត្រូវ​អ្នក​ជិះ​ខាងក្រោយ​រង​របួសធ្ងន់ ចំណែក​គាត់​ត្រូវ​១​គ្រាប់​ចំ​គូទ​ខាងស្តាំ​បៀម​ក្បាល​គ្រាប់ ហើយ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១ មេ​សា នេះ​ត្រូវ​បាន​គ្រូពេទ្យ​ខេត្ត​បាន​វះកាត់​យក​ចេញ​ហើយ ។ ពេល​ដែល​ផឹកស៊ី​នៅ​ក្នុងភូមិ ពួក​គាត់​មិន​មាន​ទំនាស់​ជាមួយនឹង​អ្នក​ណា​ម្នាក់​នោះ​ទេ ហើយ​កាលពីមុន​ក៏​គ្មាន​ដែរ​ទៀត គាត់​មាន​ចង្ង​ល់​ថា ការ​បាញ់ប្រហារ​ខាងលើ សង្ស័យ​តែ​ឃាតករ​ខឹង​គាត់​ជិះ​ម៉ូតូ​វ៉ា​ទេ​ដឹង?

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ដោយ​មាន​បញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត​នោះ សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​កំពុង​តែ​ដុតដៃដុតជើង​ចុះ​ស្រាវជ្រាវ​ករណី​នេះ ហើយ​ក្នុង​ជំហាន​ដំបូង​ក៏​បាន​លើក​ហេតុផល​ថា ការ​ប្រហារ​នេះ​គឺ​ដោយសារ​តែ​ខឹង​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​វ៉ា នេះ​បើ​តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ​ខាងលើ​។

តាម​ប្រភពដដែល​បានបន្ត​ថា ឃាតករ​ប្រើប្រាស់​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក បាន​បាញ់​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​១​គ្រាប់​ត្រង់​ឆ្អឹងជំនីរ​ខាងស្តាំ បណ្តាល​ឱ្យ​ស្លាប់ ហើយ​តាម​រយៈ​ការ​ឆែក​កាមេរ៉ា​សុវត្ថិភាព​បានឃើញ​ជនសង្ស័យ​ជិះ​ម៉ូតូ​ម៉ាក​ហ្សូ​មមើ​ដេញ​តាម​បាញ់ប្រហារ​មក​លើ​ជន​រង​គ្រោះ​មាន​គ្នា​២​នាក់ បន្ទាប់​មកពីកើតហេតុ​ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ត្រឡប់​ក្រោយ​គេចខ្លួន​បាត់ ។ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១ មេ​សា សមត្ថកិច្ច​នៅ​មិន​ទាន់​កំណត់​បាន​មុខសញ្ញា​ឃាតករ​នៅឡើយ​ទេ ៕

អត្ថបទ កែវ ច័ន្ទសុផាវរុណ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds