អតីតសកម្មជនCNRP ត្រូវតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ ពាក់ពន្ធ័ប្រមាថថ្នាក់ដឹកនាំលើ Facebook
(ភ្នំពេញ)៖ លោក ម៉ៃ ហុងស្រៀន ដែលត្រូវបានគេស្គាល់ជា សកម្មជននៃក្រុមបក្សប្រឆាំងក្រៅច្បាប់ដ៏សកម្មមួយរូប ត្រូវចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក លី សុខា បានប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារកំណត់១៨ខែ ពីបទញុះញង់ឲ្យមានការរើសអើង និងញុះញង់ឲ្យប្រព្រិត្តបទឧក្រិដ្ឋជាអាទិ៍ តាមបទបញ្ញត្តិមាត្រា ៤៩៥ និង៥០២ នៃក្រមព្រហ្មទណ្ឌ។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា សាលក្រមនេះ តុលាការបានប្រកាស កាលពីថ្ងៃសុក្រចុងសប្តាហ៍កន្លងទៅ និងបន្ទាប់ពី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កញ្ញា សុង ឆវ័ន្ន បានសម្រេចចោទប្រកាន់់ឈ្មោះ ម៉ៃ ហុងស្រៀន បទ ញុះញង់ឲ្យមានការរើសអើង និងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ។
បើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអោយដឹងថា កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ បានឃាត់ខ្លួន អតីតសកម្មជនរបស់ អតីតគណបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀន ដែលបានប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តាមបណ្តាញសង្គម Facebook។
លោក ជា ពៅ បានឱ្យដឹងទៀតថា អតីតសកម្មជនបក្សប្រឆាំង ដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ ម៉ៃ ហុងស្រៀន ដែលធ្លាប់រត់គេចខ្លួនទៅប្រទេសថៃ ហើយបង្កើត Facebook ប្រមាថថ្នាក់ដឹកនាំ តាមរយៈការកាត់រូបភាពផ្សេងៗ។
លោកបានអះអាងថា ការចាប់ខ្លួននេះ បានធ្វើឡើងនៅលើវិថី២០០៤ រាជធានីភ្នំពេញ បន្ទាប់ពីជននេះ បានត្រឡប់មកដល់ប្រទេសកម្ពុជា ដើម្បីជួបជុំជាមួយក្រុមរបស់ពួកគេ រៀបចំផែនការដើម្បីបង្កភាពចលាចលដល់សង្គម៕
អត្ថបទ៖ សុខ លាភ