បើករថយន្តស៊េរីទំនើបយ៉ាងលឿន ទៅបុករបាំងថ្មចែកទ្រូងផ្លូវខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស
បុរសម្នាក់បើករថយន្តស៊េរីទំនើបយ៉ាងលឿន ទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្ដាលឲ្យរថយន្ត និងរបាំងថ្មរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនមានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងជាង១យប់ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ចំណុចស្តុបក្ដាន់ពីរដែលស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER VELAR ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BB-1777 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី លុះមកដល់ចំណុចកើតហេតុ ដោយរថយន្តខាងលើបើកបរដោយខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុករបាំងថ្មទ្រូងផ្លូវចំពេញមួយទំហឹង បណ្ដាលឲ្យរបាំងថ្មពីរផ្ទាំងរងការខូចខាតយ៉ាងដំណំ។
ចំណែកឯរថយន្តវិញរងការខូចខាតខ្ទេចមួយកំណាត់មុខទៅមុខលែងរួច។ ភ្លាមៗនោះគេឃើញអ្នកបើករថយន្តខាងលើ បានរត់ចុះពីរថយន្ដគេចខ្លួនបាត់ស្រមោល ពីកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចធ្វើការទាក់ទង ទៅសមត្ថកិច្ចជំនាញចរាចរណ៍ ដើម្បីចុះមកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕