មេឃុំបឹងត្រាញ់ខាងត្បូង ព្រមានយក្រុមហ៊ុនដឹកខ្សាច់ជាលើកទី៣
(តាកែវ)៖ មេឃុំបឹងត្រាញ់ខាងត្បូង បានចេញលិខិតព្រមានជាលើកទី៣ និងតម្រូវឲ្យក្រុមហ៊ុនប្រកបអាជីវកម្មដឹកខ្សាច់ នៅក្នុងឃុំបឹងត្រាញ់ខាងត្បូង ធ្វើកិច្ចសន្យា និងជួសជុលផ្លូវឡើងវិញ។ ការព្រមាននេះបន្ទាប់ពីរងការរិះគន់ពីក្រុមប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។
លោក ឈន សឿន មេឃុំបឹងត្រាញ់ខាងត្បូង នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ បានកោះហៅក្រុមហ៊ុនចំនួន៣ ដែលប្រកបអាជីវកម្មដឹកខ្សាច់ ទី១ ក្រុមហ៊ុន ណូ ប៊ុនធឿន ទី២ ក្រុមហ៊ុន ទូ ចន្ថន និងទី៣ ក្រុមហ៊ុន ឡុញ សុខឿន ដែលមានមូលដ្ឋានក្នុងឃុំមកធ្វើកិច្ចសន្យា និងបានណែនាំនីតិវិធី ដើម្បីជៀសវាងមានផលប៉ះពាល់ដល់ពលរដ្ឋនៅមូលដ្ឋាន។
ក្នុងកិច្ចសន្យាបានសរសេរបញ្ជាក់ថា ១- ការដឹកខ្សាច់មិនឲ្យលើសចំនួនកំណត់ នឹងដាក់ត្រឹមទ្រុងឡានកំណើត និង២- ក្នុងករណីដែលបានបំពានដឹកលើសចំនួនកំណត់ និងត្រួវផ្អាកជាបណ្ដោះ អាសន្នសិន។ បន្ទាប់ពីទទួលបានការណែនាំហើយ តំណាងក្រុមហ៊ុនទាំង៣ បានធ្វើកិច្ចសន្យាថានឹង ដឹកមិនឲ្យលើសកំណត់ នៃតទ្រុងឡានដើមឲ្យ លើសពីធាតុដើមឡើយ និងព្រមគ្រប ស្រោចទឹក ថែទាំផ្លូវជាប្រចាំថ្ងៃផងដែរ។
បើយោងតាមការបញ្ជាក់ពីលោក ឈន សឿន មេឃុំបឹងត្រាញ់ខាងត្បូង បានប្រាប់ថា ប្រសិនបើក្រុមហ៊ុនទាំង៣ ដែលបានចុះកិច្ចសន្យាជាមួយអាជ្ញាធរហើយ នៅតែមិនគោរពតាមកិច្ចសន្យានោះ យើងនឹងធ្វើរបាយការណ៍ជូន លោកអភិបាលស្រុក និង ឯកឧត្តមអភិបាលខេត្ត ដកហូតអាជ្ញាប័ណ្ណ និងចាត់ការទៅតាមនីតិវិធីច្បាប់៕
អត្ថបទ៖ សុខ លាភ