លោក ពេជ្រ ស្រស់ គ្រោងអញ្ជើញលោក​ វា គីមហុង បកស្រាយរឿងកិច្ចការព្រំដែនរវាងកម្ពុជា និងប្រទេសជិតខាង

ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាម​កាលពី​ចុង​សប្ដាហ៍​កន្លងមក​នេះ​បាន​ចុះហត្ថលេខា​លើ​ឯកសារ​ច្បាប់​ចំនួន​ ២ ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រួម​លើ​ការងារ​ខណ្ឌសីមា​ព្រំដែន ហើយ​ភាគី​ទាំង​ ២ ​ក៏បាន​ឯកភាព​ជំរុញ​កិច្ចសហប្រតិបត្តិការ​ស្តីពី​ការគ្រប់គ្រង​ព្រំដែន​ដោយ​ផ្អែកលើ​យន្តការ និង​ក្របខ័ណ្ឌ​ច្បាប់​ដែល​មាន​ស្រាប់​ដើម្បី​កសាង​ខ្សែបន្ទាត់​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​។ ប្រធានគណបក្សយុវជនកម្ពុជាគ្រោងអញ្ជើញប្រធានគណកម្មការព្រំដែនមកសាកសួរជំវិញបញ្ហាព្រំដែនបច្ចុប្បន្ន​​។

លោក ពេជ្រ ស្រស់ ប្រធានប្រតិភូគណបក្សយុវជនកម្ពុជា នៃឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់​ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមនៅរសៀលថ្ងៃទី​៨ ខែតុលា នេះថា ខ្ញុំនឹងអញ្ជើញឯកឧត្ត​ម​ វា គីមហុង ដើម្បីបកស្រាយអំពីកិច្ចការព្រំដែនជាពិសេសកិច្ចការបោះបង្គោលព្រំដែនកម្ពុជាវៀតណាម និងប្រទេសជិតខាងមួយចំនួនទៀត ហើយការបកស្រាយរបស់ឯកឧត្តម វា គីមហុងនឹងធ្វើឡើងចំពោះមុខយន្តការឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និងផ្តល់យោបល់។
សូមរំលឹកផងដែរថា កាលពីពេលថ្មីៗរាជរដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​វៀតណាមបានចេញសេចក្ដី​ថ្លែងការណ៍​រួម​នៅក្នុងឯកសារ​ចំនួន​ ២ ​ទី១ សន្ធិសញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​ ១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​ ២០០៥​។ ទី​២ ពិធីសារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បាន​ឲ្យ​ដឹងថា ភាគី​ទាំង​ ២ បាន​យកចិត្ត​ទុកដាក់​ជាពិសេស​ចំពោះ​ការចុះហត្ថលេខា​នៃ​ឯកសារ​ច្បាប់​ទាំង​ ២ ដែល​ទទួល​ស្គាល់​ពី​វឌ្ឍនភាព​នៃ​ការ​ខណ្ឌសីមា និង​ការបោះបង្គោល​ព្រំដែន​គោក​ដែល​សម្រេច​បាន​មកដល់​បច្ចុប្បន្ន​ (​ប្រមាណ​ ៨៤%) និង​បាន​បញ្ជាក់​ជាថ្មី​ថា សកម្មភាព​នេះ​បាន​រំឭក​នូវ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ក្នុង​ដំណើរការ​ដោះស្រាយ​បញ្ហា​​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ ២​។ ភាគី​ទាំង​ ២ ​បាន​ឯកភាព​ផង​ដែរ​ក្នុង​ការ​បញ្ចប់​នូវ​ការងារ​ខណ្ឌសីមា និង​បោះបង្គោល​ព្រំដែន​លើ​កំណាត់​ព្រំដែន​ដែល​នៅ​សេសសល់​នាពេល​អនាគត​ឆាប់ៗ​នេះ​៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open