សម្តេចតេជោ ថា លោក សម រង្ស៊ី មានគោលដៅ មិនត្រឹមតែធ្វើរដ្ឋប្រហារទម្លាក់ ហ៊ុន សែន ទេ តែថែមទាំងទម្លាក់ព្រះមហាក្សត្រ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មេឧទ្ទាម សម រង្ស៊ី បានជ្រើសរើសយកថ្ងៃទី០៩ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យឯករាជ្យជាតិ ដើម្បីធ្វើរដ្ឋប្រហារ។ រដ្ឋប្រហាររបស់មេឧទ្ទាម សម រង្ស៊ី គឺមានគោលដៅ មិនត្រឹមតែទម្លាក់សម្តេចតេជោ ហ៊ុន សែន ប៉ុណ្ណោះទេ តែក៏មានគោលដៅទម្លាក់ព្រះមហាក្សត្រ ដើម្បីដូររបបរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញផងដែរ។ ការថ្លែងបែបនេះក្នុងពិធីសំណេះសំណាលជាមួយសិស្សឆ្នើម ប្រឡងជាប់បាក់ឌុប ដែលទទួលបាននិទ្ទេស A ចំនួន ៤៤៣នាក់ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យឧក្រិដ្ឋជន សម រង្ស៊ី ដែលបំពានបន្ទាត់ក្រហម ដោយបានប្រមាថព្រះមហាក្សត្រ ធ្ងន់ធ្ងរ មិនអាចលើកលែងបាន បើចិត្តសឿង ចូលមក មុនថ្ងៃ៩វិច្ឆិកាក៏បាន ហើយទោះបីជាកាន់លិខិតឆ្លងដែន បារាំង ក៏ដោយ ក៏សូមអញ្ជើញចូលមក។ មេឧទ្ទាម យើងមិនចាំបាច់និយាយអ្វីច្រើនទេ។ ទុកឲ្យសម្តេច ទៀ បាញ់ ជាអ្នកដោះស្រាយ…។
សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា ចំពោះក្រុមអ្នកគាំទ្រមេឧ្ទាម សម រង្ស៊ី គឺឃើញមួយ ចាប់មួយ យកទៅកាត់ទោស ដោយមិនចាំបាច់និយាយអ្វីច្រើនទេ។
«ផែនការធ្វើរដ្ឋប្រហារនេះ មិនអាចលើកលែងឲ្យបានទេ។ សូម្បីតែបង្ហោះហ្វេសប៊ុក ចូលរួមផែនការនេះ ក៏ត្រូវចាប់ខ្លួនដែរ។ យើងមិនអាចទុកឲ្យអ្នកឯងរួចខ្លួនទេ។ ប្រជាជន ត្រូវខំធ្វើស្រែធ្វើចំការ កុំបង្ខំងាប់ទៅណា!។ រត់ពីត្បូងឃ្មុំ រត់ពីកំពង់ចាម ទៅចាប់នៅប៉ោយប៉ែត។ អាអ្នកនៅបាងកក ក៏កុំសង្ឃឹមថា មានសុវត្ថិភាព។ នឹងតាមចាប់ដល់នោះទៀត។ ទោះអ្នកឯងនៅបាងកក តែកុំភ្លេចថា កម្ពុជា និងថៃ មានសហប្រតិបត្តិការជាមួយគ្នា» ។ នេះជាការបញ្ជាក់សម្តេច ហ៊ុន សែន ៕
អត្ថបទ៖ សុខ លាភ