ចាប់ពីថ្ងៃទី០៧-០៨តុលា អជ្ញាធរអប្សរាផ្អាកការធ្វើចរាចរណ៍-ចតយានយន្ត និងលក់ដូរជាបណ្តោះអាសន្ននៅបរិវេណមុខប្រាសាទអង្គរវត្ត
សៀមរាប៖ នាថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នេះ ក្រុមការងារចម្រុះអន្តរក្រសួងរួមមាន ឯកឧត្តម ង៉ាន់ ភិរុន អភិបាលរងខេត្តសៀមរាប ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធនានា បានចុះត្រួតពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយនៅមុខបរិវេណប្រាសាទអង្គរវត្ត ដេីម្បីត្រៀមរៀបចំកិច្ចប្រជុំលេីកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រារព្ធធ្វេីចាប់ពីថ្ងៃទី០៧ ដល់ ១១ ខែតុលា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។
ក្នុងនោះក្រុមការងារស្នេីឱ្យផ្អាកការធ្វើចរាចរណ៍-ចតយានយន្តគ្រប់ប្រភេទចូលក្នុងបរិវេណផ្នែកខាងលិច (ផ្លូវអក្សរ U) មុខប្រាសាទអង្គរវត្ត និងផ្អាកការលក់ដូរជាបណ្តោះអាសន្ន ចាប់ពីចំណុចស្នាក់ការនគរបាលបេតិកភណ្ឌ រហូតដល់កែងផ្លូវត្រពាំងសេះរយៈពេល០២ថ្ងៃ នៅថ្ងៃទី០៧-០៨ ខែតុលា ឆ្នាំ២០១៩ ដើម្បីរៀបចំបរិស្ថាន សណ្តាប់ធ្នាប់ របៀបរៀបរយ សន្តិសុខ និងចរាចរណ៍ឱ្យបានស័ក្តសមជាព្រះរាជាណាចក្រអច្ឆរិយៈដ៏ល្បីល្បាញ។ ចំពោះការដើរទស្សនារបស់ភ្ញៀវទេសចរអាចប្រព្រឹត្តិទៅបានជាធម្មតា។
ក្រុមការងារក៏បានគិតគូរផងដែរនូវផែនការសំខាន់នាពេលខាងមុខដ៏ខ្លី ក្នុងការរៀបចំបរិវេណមុខអង្គរវត្តទាំងមូល(ចំណត អ្នកលក់ដូរ) ឱ្យមានបរិស្ថានស្អាត និងរបៀបរៀបរយល្អ៕
អត្ថបទ៖ សុខ លាភ